ស្តាប់អត្ថបទជាសម្លេង
បាត់ដំបង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ូច អ៊ំភីនីហ្សារ៉ា នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង និងសាលាសង្កាត់រតនៈ ចុះផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង តាមអាហារដ្ឋាន និងតូបលក់អាហារលើសួនតាមបណ្តោយមាត់ស្ទឹងសង្កែ ឱ្យផ្អាកការលក់ដូរនៅលើទីតាំងសួនសាធារណៈជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសាជាថ្មី និងបានចុះពិនិត្យពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងសេចក្តីសម្រេចតាមភោជនីយដ្ឋាន អាហារដ្ឋានក្នុងក្រុងបាត់ដំបង ក្នុងន័យដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍បន្តទៀត ។
លោក អ៊ូច អ៊ំភីនីហ្សារ៉ា បានបញ្ជាក់ថា តាមរយៈនៃការចុះអង្កេតនេះពិនិត្យឃើញថា អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការរបស់ខ្លួនជាបណ្តោះអាសន្នហើយ និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់មន្រ្តីជំនាញ ។
លោកបានបញ្ជាក់ថា អ្វីដែលគួរកត់សសម្គាល់នោះ គឺក្នុងនារាត្រីនេះ សង្កេតឃើញថាមានសភាពស្ងប់ស្ងាត់មិនអ៊ូអរដូចពេលមុននោះឡើយ ហើយក្រុមការងារក៏បានធ្វើការណែនាំបន្ថែមដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ ឱ្យបន្តពង្រឹងការអនុវត្តការរស់នៅបែបគន្លងថ្មី (New Normal) ជាប្រចាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ ជាពិសេសហាមឃាត់ដាច់ខាតការលក់គ្រឿងស្រវឹងដល់ភ្ញៀវ ។
ទន្ទឹមនឹងនោះក្រុមការងារក៏បានទទួលព័ត៌មានពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួនថា មានបុរស០២នាក់ជិះរថយន្តម៉ាកហាយឡេនឌឺ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AP-3740 បានចុះតាមភោជនីយដ្ឋាន អាហារដ្ឋានក្នុងក្រុង សុំថវិកាចាក់ប្រេង និងថ្លៃចុះផ្សព្វផ្សាយថា ខេត្តអនុញ្ញាតឱ្យបើករបររកស៊ីឡើងវិញហើយ ដោយអះអាងថា ជាអ្នកធ្វើការនៅក្រសួងព័ត៌មាន ដែលជាការផ្ទុយទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
រាល់ទង្វើដើរសុំថវិកាចាក់ប្រេង និងថ្លៃចុះផ្សព្វផ្សាយនេះគឺពិតជាធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ស្ថាប័នរដ្ឋ ក៏ដូចជាមុខមាត់របស់ថ្នាក់ដឹកនាំខេត្ត និងសុំឱ្យមានការជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលាផងដែរ ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News