កោះកុង÷អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានព្រមទាំងបុត្រ នៅថ្ងៃទី03 មេសា ២០២៤នេះ បាននាំយកថវិកា ចំនួន 20000ដុល្លារអាមេរិក ប្រគល់ជូនលោកជំទាវ មិថុនា ភូថង ប្រធានកាកបាទក្រហមកម្ពុជា ខេត្តកោះកុងក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។
អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា និង បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន តាមរយ:ការចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា គ្រប់ឱកាស រហូតមកដល់បច្ចុប្បន្ននេះ។
លោកជំទាវ មិថុនា ភូថង បានបង្ហាញទឹកចិត្តសោមនស្សរីករាយយ៉ាងខ្លាំង និងបានថ្លែងការកោតសរសើរពីទឹកចិត្ដសប្បុរស របស់អ្នកឧកញ៉ា ដែលបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ជួយប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ព្រមទាំងការជួយសង្គម និងអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសូមគោរពជូនពរដល់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New