ស្តាប់អត្ថបទជាសម្លេង
កាលពីថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បានប្រកាសពីការបង្កើនការចំណាយលើវិស័យការពារជាតិបន្តិចបន្តួចថែមទៀតនៅឆ្នាំក្រោយ ប៉ុន្តែនឹងចំណាយ១.៤៤ពាន់លានដុល្លារអាមេរិកដើម្បីទិញយន្តហោះចម្បាំងថ្មី ខណៈដែលកោះនេះកំពុងពង្រឹងកងកម្លាំងរបស់គេប្រឈមនឹងការដាក់សម្ពាធបន្ថែមពីទីក្រុងប៉េកាំង។
ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់រួមទាំងការរៀបចំសមយុទ្ធវាយប្រហារកាលពីសប្តាហ៍មុននៅជិតកោះនេះដែលត្រូវបានចិនចាត់ទុកថាជាដែនដីរបស់ខ្លួន។

រដ្ឋាភិបាលតៃវ៉ាន់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) កំពុងស្នើសុំកញ្ចប់ថវិកាចំណាយលើវិស័យយោធាចំនួន១៦.៨៩ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២ពោលគឺកើនឡើងពី១៥.៤២ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។
កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២២នោះរួមបញ្ចូលទាំងថវិកាចំនួន១.៤៤ពាន់លានដុល្លារអាមេរិកសម្រាប់ទិញយន្តហោះចម្បាំងថ្មីដែលទំនងជាប្រភេទ F-16s ។
សូមរម្លឹកថា កាលពីឆ្នាំ២០១៩សហរដ្ឋអាមេរិកបានអនុម័តលក់យន្តហោះចម្បាំងប្រភេទ F-16s ដែលមានតម្លៃ៨ពាន់លានដុល្លារអាមេរិកមកឲ្យកោះតៃវ៉ាន់ ខណៈដែលវាជាយន្តហោះចម្បាំងធំបំផុតនៅក្នុងតំបន់អាស៊ី។
កញ្ចប់ថវិកានោះនឹងទទួលបានការអនុម័តយ៉ាងងាយនៅសភាដោយសារគណបក្សនយោបាយរបស់លោកស្រីមានសម្លេងភាគច្រើន៕



អត្ថបទ និងរូបភាពដោយ Puthinews