30 C
Phnom Penh
Saturday, July 27, 2024

តើដឹងទេ! សត្វត្មាតបានរួមចំណែកជួយអ្វីខ្លះដល់ពិភពលោក បានជាមានថ្ងៃប្រារព្ធទិវាសត្វត្មាត

ភ្នំពេញ៖ សត្វត្មាតបានរួមចំណែកសម្អាតបរិស្ថាន និងជួយការពារមិនឱ្យជំងឺឆ្លងដល់មនុស្ស និងសត្វផងដែរ។ នេះបើតាមការសិក្សារបស់ក្រុមអ្នកជំនាញសត្វស្លាប ខណៈដែលថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។

នៅក្នុងនោះក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការដៃគូនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារ និងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្វត្មាត ការអភិរក្ស និងជំរុញឱ្យមានការចូលរួមបន្ថែមពីសាធារណជន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបានចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ ២០១៦ ខណៈទិវានេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០០៦មកម៉្លេះ។ លោករដ្ឋលេខាធិការ បានថ្លែងទៀតថា ពិភពលោកទាំងមូលបានប្រារព្ធឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីអេកូឡូស៊ី របស់សត្វត្មាត ស្ថានភាព និងការគម្រាមកំហែងនានាទៅលើសត្វត្មាតព្រមទាំងអំពាវនាវឱ្យ មានការចូលរួមក្នុងកិច្ចការពារសត្វត្មាតដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ ។

សូមបញ្ជាក់ថា កម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួនបីប្រភេទ គឺត្មាតភ្លើង  ត្មាតត្នោត និងត្មាតផេះ ។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាត កម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់  បច្ចុប្បន្ន  ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី១២០ ទៅ១៤០ក្បាល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img