30 C
Phnom Penh
Saturday, July 27, 2024

តួនាទីឈើតាត្រាវ ក្នុងវិស័យសំណង់ប្រាសាទបុរាណខ្មែរ

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ ឈើតាត្រាវ ដែលមានវត្តមានជាមួយសំណង់ប្រាសាទបុរាណ ជាងពាន់ឆ្នាំកន្លងមកហើយនោះ មកដល់បច្ចុប្បន្ននេះ(សតវត្សរ៍ទី២១) អាជ្ញាធរជាតិអប្សរា នៅតែរក្សាបានប្រភេទឈើដ៏មានគុណតម្លៃនេះ មកប្រើប្រាស់លើការងារជួសជុលប្រាសាទបុរាណដដែល។

លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ   បានលើកឡើងថា មានការឲ្យតម្លៃតាំងសម័យកាលបូរាណមក  ឈើតាត្រាវ គឺជាប្រភេទឈើម្យ៉ាងដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែឈើនេះមានគុណតម្លៃខ្ពស់បំផុតគ្មានឈើណាប្រៀបផ្ទឹមបាននោះឡើយ សម្រាប់ប្រើប្រាស់ជាគ្រឿងសំណង់ ផ្សំជាមួយនឹងការសាងសង់ប្រាសាទបុរាណដែលកសាងធ្វើអំពីថ្ម និងបានជួយរក្សាភាពគង់វង្សបានយូរអង្វែងនៃសំណង់ប្រាសាទនោះផងដែរ។

បច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងប្រើឈើប្រភេទនេះដើម្បីយកមកជួសជុលបំពេញកន្លែងចាស់ដែលបានពុកផុយ។ 

លោក មុនី បានបញ្ជាក់ថា តាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អប្រាសាទផងដែរ។

ជាយូរលង់ណាស់មកហើយ នៅតាមវត្ដអារាមជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមានការយកឈើតាត្រាវទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះធ្វើពិធីបូជាផ្នែកសាសនាផងដែរ។ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហើបឲ្យដឹងដែរថា បច្ចុប្បន្ននេះ នៅសួនបណ្តុះកូនឈើក្នុងតំបន់ឧទ្យានអង្គរ មានបណ្តុះកូន យកទៅដាំជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ និងរូបភាពដោយះ​ Puthi News

អានបន្ត

spot_img