30 C
Phnom Penh
Saturday, July 27, 2024

តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួន០២នាក់ទៀតរយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន៤០០លានរៀល

ស្តាប់អត្ថបទជាសម្លេង

តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងបក្ខពួកចំនួន០២នាក់ទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា ដាក់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន ៤០០លានរៀល។ 

ការប្រកាសសាលក្រមផ្តន្ទាទោសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ 

ជនជាប់ចោទទាំង០៣នាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។ អ្នកទាំង០៣ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ 

យោងតាមមាត្រា៤៩៥ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ គឺជាអំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៦ (ប្រាំមួយ) ខែ ទៅ ០២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០ (មួយលាន) រៀលទៅ ៤,០០០,០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

សូមរំឭកថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img