26 C
Phnom Penh
Saturday, July 27, 2024

តាំងបង្ហាញនៅក្នុងពិព័រណ៍ពិភពលោក ២០២០ឌុយបៃ មានអ្នកចូលទស្សនាជាង ២ម៉ឺននាក់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ គិតត្រឹមពេលនេះ ពន្លាជាតិកម្ពុជា ដែលបានរៀបចំតាំងបង្ហាញនៅក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម មានភ្ញៀវចូលទស្សនាជាង ២១.០០០នាក់ ដែលតួលេខនេះមានអត្រាទាបជាងកាលពីអំឡុងពេលពិព័រណ៍លើកមុនៗ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។

ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង មានរយៈពេល ៦ខែ ដោយគិតចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ស្មើនឹង ១៨២ថ្ងៃ ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមចំនួន ១៩២ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅថ្ងៃទី ២២ខែតុលានេះថា ពន្លាជាតិកម្ពុជា ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតតាមរចនាបទខ្មែរ ដោយមានការច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្ត្រចំនួន ៤ គឺសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន។

លោកបញ្ជាក់ថា គោលបំណងដ៏សំខាន់របស់គណៈកម្មការអន្តរក្រសួង គឺការរៀបចំពន្លាជាតិមួយឲ្យមានភាពទាក់ទាញ និងការចាប់អារម្មណ៍របស់អ្នកទស្សនា ដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា លើឆាកអន្តរជាតិឲ្យកាន់តែល្បីសុះសាយទាក់ទាញភ្ញៀវទេសចរ បង្ហាញនូវសក្តានុពល ជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ការតុបតែងពន្លាជាតិបង្ហាញពីការច្របាច់បញ្ចូលគ្នានូវកេរ្តិ៍ដំណែល វប្បធម៌ប្រវត្តិសាស្ត្រមានពីបុរាណ និងខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដូនតាខ្មែរបានបន្សល់ទុករហូត មកដល់បច្ចុប្បន្ន ដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍ដែលជាជន្ទល់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។
តាមរយៈពិព័រណ៍ពិភពលោក ២០២០ឌុយបៃនេះ កម្ពុជាសង្ឈឹមថា នឹងកសាងបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិនូវបេតិកភណ្ឌវប្បធម៌ពីបុរាណ អាចទាក់ទាញបាននូវភ្ញៀវ និងអ្នកវិនិយោគជាច្រើន តាមរយៈពន្លាជាតិ និងការផ្សព្វផ្សាយនានារបស់ខ្លួន។


តាមការរំពឹងទុក ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥លាននាក់ ក្នុងនោះ ៧០ភាគរយ ជាភ្ញៀវមកពីបរទេស។
សូមជម្រាបថា ឆ្នាំ ២០១៥ ពិព័រណ៍ពិភពលោកនៅទីក្រុងមីឡង់ដ៍ ប្រទេសអ៊ីតាលី មានប្រទេសចំនួន ១៤៧ចូលរួម ក្នុងនោះពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនាចំនួន ២,២២លាននាក់ ខណៈពិព័រណ៍ពិភពលោកនៅទីក្រុងសៀងហៃ ប្រទេសចិន នៅឆ្នាំ ២០១០ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនាចំនួន ៩,៧៣លាននាក់ ស្មើនឹង ១៣,៣៣% នៃចំនួនភ្ញៀវសរុបចំនួនជាង ៧០លាននាក់៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img