30 C
Phnom Penh
Saturday, July 27, 2024

តាមប្រមាញ់ចាប់ក្មេងទំនើង ចំនួន៥នាក់ ដែលយកកាំបិតកាប់ចាក់គ្នា

ស្តាប់អត្ថបទជាសំឡេង

ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៧ និង០០ នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ក្រោយទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិន បានសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន បើកការស៊ើបអង្កេតករណីអំពើហិង្សាក្មេងទំនើងយកកាំបិតកាប់ចាក់គ្នាបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ដេរអស់ជាង ២០ ថ្នេរ។ ស្រាប់តែប្រទះឃើញមុខសញ្ញាជនសង្ស័យ មានគ្នាចំនួន០៥នាក់ កំពុងអង្គុយលេងនៅចំណុចព្រះវិហ៊ាសរសរ៨ទិស ស្ថិតនៅលើកំពូលភ្នំយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទើបកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន សួរនាំ និងឆែកឆេររកឃើញកាំបិត០១ដើម ក៏បាននាំខ្លួនទៅកាន់អធិការដ្ឋានក្រុងប៉ៃលិន ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១  កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹង ករណីហិង្សា០១ករណី ពីឈ្មោះ ញ៉ាត វ៉ាន់ឆៃ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលករណីហិង្សានេះ បានកើតឡើងនៅថ្ងៃដដែល ត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ  រី ធា ភេទប្រុស  អាយុ១៦ ឆ្នាំ  ជាអ្នកលក់ដូរ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (រងរបួសក្បាលផ្នែកខាងក្រោយដេរអស់ជាង២០ថ្នេរ និងរបួសដៃឆ្វេងដេរអស់ចំនួន០៥ថ្នេរ) ។ 

ចំណែកសង្ស័យមានឈ្មោះដូចតទៅ ៖ ទី១- ឈ្មោះ ចាន់ សុផល ហៅឆែប  ភេទប្រុស  អាយុ១៥ឆ្នាំ ជាសិស្ស  រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  (ជនដៃដល់កាប់ចំក្បាលជនរងគ្រោះ ) ។ ទី២-ឈ្មោះ  ឡុក  វណ្ណៈ  ភេទប្រុស  អាយុ១៥ឆ្នាំ  ជាសិស្ស  រស់នៅ ភូមិស្លា  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  (  ជាម្ចាស់ម៉ូតូ  និងជាអ្នកឌុបជនដៃដល់) ។ ទី៣- ឈ្មោះ ជីវ តាំងអ៊ី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិ អូរតាពុកលើ  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ទី៤- ឈ្មោះ  ស្រឿន  រតនា  ភេទប្រុស  អាយុ១៤ឆ្នាំ ជាសិស្ស  រស់នៅ ភូមិ ប៉ាហ៊ីជើង  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន (គ្មានការជាប់ពាក់ព័ន្ធ) ។ ទី៥- ឈ្មោះ  ម៉ែន  ចន្ទ័ណារ៉ុង ភេទប្រុស  អាយុ១៥ឆ្នាំ ជាសិស្ស  រស់នៅភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន (គ្មានការជាប់ពាក់ព័ន្ធ) ។

ប្រភពបន្តទៀតថា ក្រោយពីធ្វើការសាកសួរឃើញថាជនសង្ស័យចំនួន០៣នាក់ គឺមានការពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើ ។ ចំណែកជនពីរនាក់ផ្សេងទៀតគឺគ្មានការពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះទេ ។ 

បច្ចុប្បន្ន ករណីខាងលើនេះ ជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធករណីហិង្សាខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត រីឯយុវជនពីរនាក់ដែលគ្មានការពាក់ព័ន្ធ គឺត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកត្រលប់ទៅផ្ទះវិញ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img