30 C
Phnom Penh
Saturday, July 27, 2024

ដំណាំស្រូវតាមដងទន្លេមេគង្គ ក្នុងស្រុកត្បូងឃ្មុំមួយចំនួនធំ កំពុងប្រឈមការខូចខាត ដោយសារទឹកជន

ស្តាប់អត្ថបទជាសំឡេង

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គមួយចំនួន ដែលប្រកបរបរធ្វើស្រែចម្ការ កំពុងព្រួយបារម្ភ បន្ទាប់ពីទឹកទន្លេមេគង្គបានហក់ឡើងជនលិចស្រូវរបស់ពួកគាត់ដែលទើបតែសាបព្រោះរួច។ ការនេះ ប្រសិនបើនៅតែបន្តជន់លិចលើសពី១សប្តាហ៍ ប្រាកដណាស់ដំណាំស្រូវរបស់ពួកគាត់នឹងរងការខូចខាតមិនខានឡើយ។

លោក នួន វុទ្ធី រស់នៅភូមិទួលដំបង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ស្រូវរបស់លោកដែលទើបសាបព្រោះរួចចំនួន ២ហិកតា បានជនលិចអស់រយៈពេល៣ថ្ងៃមកហើយ ខណៈមកដល់ថ្ងៃនេះទឹកទន្លេបានស្រកចុះវិញបន្តិចមែន តែទឹកបឹងនៅតែបន្តហក់ឡើងនៅឡើយ។ ដូចនេះស្រូវរបស់លោក ដែលទើបសាបព្រោះរួចនោះគេចមិនផុតពីការខូចខាតនោះទេ។ ចំណែកស្រូវខ្លះដែលមានអាយុចាស់បន្តបន្តិចអាចធនបានយូ តែក៏ប្រឈមនឹងការបំផ្លិចបំផ្លាញដោយសារសត្វខ្យង និងសត្វចង្រៃផ្សេងៗផងដែរ។ ឆ្នាំនេះប្រជាកសិករមួយចំនួនធំ បានប្រឈមនឹងការខាតបង់ខ្លាំង ព្រោះតម្លៃពូជស្រូវ ជី បានហក់ឡើងថ្លៃទ្វេមួយជាពីរ ចំណែកតម្លៃស្រូវវិញ ទាប់និយាយមិនចេញទេ។ ទោះជាយ៉ាងនេះក៏ដោយ លោកបានសង្ឃឹមថា នៅពេលប្រមូលផលលើកក្រោយអាចមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។

ប្រជាពលរដ្ឋមួយចំនួនទៀតក៏បានរៀបរាប់ស្រដៀងគ្នានេះដែរថា ឆ្នាំនេះសម្បូរទឹក តែដោយសារទឹកទន្លេឡើងស្រកមិនទៀងទាត់ ធ្វើឱ្យពួកគាត់ពិបាក់ក្នុងការបង្កបង្កើនផល និងដាំដំណាំផ្សេងៗជាខ្លាំង ជាក់ស្តែងដូចជាពេលនេះ ស្រូវរបស់ពួកគាត់បានជនលិចអស់ រងការខូចខាត។ ដំណាំស្រូវដែលបានចំណាយលើថ្លៃភ្ជួររាស់ និងសាបព្រោះជាថ្មី នឹងបង្កើនការចំណាយបន្ថែមទៀត នៅគ្រាដែលពួកគាត់កំពុងជួបការលំបាក់ស្រាប់ទៅហើយនោះ។
ទន្ទឹមនឹងការជនលិចនេះ ពួកគាត់ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធឱ្យជួយផ្តល់ស្រូវពូជ ដើម្បីពួកគាត់បានសាប់ព្រោះឡើងវិញក្រោយទឹកស្រកចុះ ហើយអ្វីកាន់តែសំខាន់ជាងនេះទៀតនោះគឺ ពេលប្រមូលផលសូមជួយរកទីផ្សារ ដោយធ្វើយ៉ាងណាឱ្យតម្លៃស្រូវបានខ្ពស់ជាងនេះ យ៉ាងហោចណាស់ក៏១គីឡូក្រាមចាប់ពី ៩០០រៀល ឡើងទៅ ទើបពួកគាត់អាចទទួលបានប្រាក់ចំណេញខ្លះ។


ជុំវិញបញ្ហានេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកនឹងចុះទៅពិនិត្យមើលជាក់ស្តែងពីទំហំនៃការខូចខាតនេះ ដើម្បីសុំជួយអន្តរាគមន៍ទៅថ្នាក់លើឱ្យជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។


សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ទឹកមានម្ពស់ ១១,៩៣ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ចំនួន ០,០៤ម៉ែត្រ។ ចំណែកទឹកបឹងបួនានា ដែលហូរចូលពីទន្លេនៅតែបន្តហក់ឡើងខ្លាំង មិនទាន់ថមថយនៅឡើយទេ។ កត្តានេះស្រូវប្រជាពលរដ្ឋមួយចំនួនធំ កំពុងប្រឈមនឹងការខូចខាតធ្ងន់ធ្ងរ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img