30 C
Phnom Penh
Saturday, July 27, 2024

ដំណាំប៉េងប៉ោះឈែរី និងប៉េងប៉ោះហាវៃ របស់ប្រជាកសិករ នៅក្នុងស្រុកបាណន់ ទោះបីមានទិន្នផលទាប តែតម្លៃហក់ឡើងខ្ពស់ជាងឆ្នាំមុន

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ប៉េងប៉ោះឈែរីនិងប៉េងប៉ោះហាវៃ គឺជាដំណាំបន្លែមួយប្រភេទទៀតត្រូវបានកសិករក្នុងសហគមន៍កំពីងពួយនៃឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើដាំដុះបើទោះបីឆ្នាំនេះទិន្នផលថយចុះ តែតម្លៃលក់ចេញបានថ្លៃគួរសម ដែលធ្វើឲ្យអ្នកដាំដំណាំប្រភេទនេះ ញញឹមញញែមនឹងលទ្ធផលដែលទទួលបានល្អ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបើកប្រទេស និងបើកសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានអូសបន្លាយពេលជាង២ឆ្នាំកន្លងមកនេះ ។
លោក សួង ហុក និងអ្នកស្រី ម៉ង់ លក្ខណា នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ បញ្ជាក់ថា គាត់បានដាំប៉េងប៉ោះហាវ៉ៃ និងប៉េងប៉ោះឈែរី នៅលើផ្ទៃដីជាង១ហ.ត និងអាចបេះផ្លែបាន៣៥០គ.ក្រ ដើម្បីយកទៅលក់ជារៀងរាល់ថ្ងៃ ចំពោះទីផ្សារសម្រាប់ឆ្នាំនេះ គឺមិនសូវមានផលប៉ះពាល់នោះទេ បើទោះបីជាទិន្នផលធ្លាក់ចុះ តែតម្លៃហក់ឡើងដល់៤៥០០រៀល ទៅ៦៥០០រៀលក្នុងមួយគ.ក្រ ខណៈពេលកន្លងមកតម្លៃធ្លាក់ចុះមកនៅត្រឹមតែ១៥០០ ទៅ២៥០០រៀលប៉ុណ្ណោះក្នុង១គ.ក្រ ។

លោក រី សារ៉េន បុគ្គលិកផ្នែកបច្ចេកទេសកសិកម្មនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន ប្រជាកសិករនៅសហគមន៍កំពីងពួយ បានទទួលយកការដាំដុះដំណាំប៉េងប៉ោះតាមបែបបច្ចេកទេសថ្មីនេះ កំពុងតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលធ្វើឲ្យជីវភាពរស់នៅរបស់គាត់កាន់តែមានធូរធារជាបន្តបន្ទាប់ ។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ស្រ៊ាន ពៅ ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងពេលចុះពិនិត្យទីតាំងចម្ការប៉េងប៉ោះឈែរី នៅក្នុងសហគមន៍កំពីងពួយ នៃឃុំតាគ្រាម បានបញ្ជាក់ថា ការចុះមកកាន់ទីនេះ គឺដើម្បីសិក្សាស្រាវជ្រាវចង់ដឹងថា តើការទទួលយកបច្ចេកទេសដាំប៉េងប៉ោះតជាមួយគល់ត្រប់ ពីសាកលវិទ្យាល័យបាត់ដំបង ដែលបានសិក្សាស្រាវជ្រាវ ដែលបានផ្តល់ជូនដល់ប្រជាកសិករ ទទួលលទ្ធផលយ៉ាងណាក្នុងការអនុវត្តជាក់ស្តែង ដើម្បីធ្វើឲ្យកសិករទទួលបាននូវប្រាក់ចំណូលកាន់តែកើនឡើងនោះ ? ជាក់ស្តែងគឺទទួលបានលទ្ធផលគួរឲ្យមោទនភាពក្រៃលែង ។

លោក សួង ហុក និងអ្នកស្រី ម៉ង់ លក្ខណា បានឲ្យដឹងទៀតថា សម្រាប់ទីផ្សារប៉េងប៉ោះ មិនពិបាកដូចមុននោះទេ គឺពួកគាត់នាំយកទៅលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង និងផ្សារទំនើប ដែលមានការកុំម៉ង់យកជារៀងរាល់ថ្ងៃ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺដំណាំប៉េងប៉ោះនេះ គឺពួកគាត់អាចធ្វើការដាំដុះបានទាំងរដូវប្រាំង និងរដូវវស្សា ក្នុងនោះពួកគាត់ក៏បានធ្វើការអំពាវនាវសូមឲ្យមានការជួយគាំទ្រផលិតផលរបស់ខ្មែរយើងបន្តទៀត ដើម្បីលើកទឹកចិត្តដល់កសិករឲ្យខិតខំដាំដុះបន្តទៀត ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាកសិករផង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនផងដែរ ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img