26 C
Phnom Penh
Saturday, July 27, 2024

ដកហូតកាំភ្លើងមួយដើម ក្រោយប្លន់ម៉ូតូបានសម្រេច

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក​០៣នាក់​ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។​ ករណីនេះបានកេីតឡើងនៅម៉ោង​ ២:៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១​ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

យោងតាមរបាយការណ៍របស់នគរបាលស្រុកបសេដ្ឋ​ បញ្ជាក់ថា​ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ និងបក្ខពួកពីរនាក់ផ្សេងទៀតដែលបានគេចខ្លួនបាត់មានឈ្មោះ​ ស៉ឹម រស្មី អាយុ២១ឆ្នាំ រស់នៅជាមួយជនសង្ស័យខាងលើ និងឈ្មោះ វិន អាយុ២៥ឆ្នាំ មិនស្គាល់ទីលំនៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សាន ម៉េងហ័ង បានរៀបរាប់ឱ្យដឹងថា រូបគេ​ និងបក្ខពួកប្រដាប់ដោយកាំភ្លើងខ្លីមួយដើម​ បានជិះម៉ូតូមួយគ្រឿងម៉ាក់ប៊ីត ពណ៌ខៀវលាយស ពាក់ស្លាក់លេខ កំពង់ស្ពឺ​ ១R ៣៨១៥ ទៅចំណុចខាងលើរងចាំស្ទាក់ប្លន់។​ គ្រានោះក៏បានធ្វើសកម្មភាពភ្ជង់ប្លន់យុវជនម្នាក់ដែលជិះម៉ូតូឌុបគ្នា យកបានម៉ូតូសង់ពណ៌ក្រហមមួយគ្រឿង​ សេរីឆ្នាំ២០២០​ បិទតែមឡើងសេរីឆ្នាំ២០២១ ជិះគេចខ្លួន​ តែត្រូវកម្លាំងនគរបាលស្ទាក់ចាប់បាន។ 

របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យឺន កាលីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ជិះឌុបគ្នាជាមួយឈ្មោះ សុខ ម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបសេដ្ឋ។​ ក្រោយស្ទាក់ចាប់កម្លាំងជំនាញបានឃាត់ខ្លួនយុវជនម្នាក់ដកហូតបានអាវុធខ្លីកែច្នៃមួយដើម​ និងមធ្យោបាយធ្វើសកម្មភាព​ម៉ូតូប៊ីតមួយគ្រឿង។ ក្នុងប្រតិបត្តិការស្ទាក់ចាប់នោះកម្លាំងនគរបាលស្រុកក៏បានដកហូតម៉ូតូជនរងគ្រោះម៉ាកហុងដា C១២៥ ពណ៌ក្រហមពាក់ស្លាកលេខ១កំពង់ស្ពឺID ៧១៧៩ ត្រឡប់មកវិញផងដែរ។ 

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរពីមន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋ​ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី រីឯម៉ូតូជនរងគ្រោះក៏បានធ្វើប្រគល់ជូនជនរងគ្រោះវិញហើយដែរ។​ ចំណែកមុខសញ្ញាជាបក្ខពួកសង្ស័យក្នុងអំពើប្លន់ សមត្ថកិច្ចកំពុងបើកប្រតិបត្តិការស៉ើបរុករកដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕ 

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img