26 C
Phnom Penh
Saturday, July 27, 2024

ជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន មិនបណ្តាលឱ្យ ប៉ះពាល់ដល់ផលដំណាំ និងសត្វចិញ្ចឹមប្រជាពលរដ្ឋនោះទេ

ស្តាប់អត្ថបទជាសំឡេង

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឱ្យភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះថា ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នា រាល់ថ្ងៃនៅផ្នែកខាងលើ បណ្តាលបានហូរធ្លាក់ទៅផ្នែកខាងក្រោម ទើបកាលពីវេលាម៉ោង២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីជំនន់ទឹកភ្លៀងកើតឡើង បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅតំបន់ទំនាប និងហៀរលិចផ្លូវក្រាលក្រួសក្រហម១ខ្សែ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ បានប្រាប់ អ្នកសារព័ត៌មានថា ៖ ករណីជំនន់ទឹកភ្លៀងនេះ មិនធ្វើឱ្យប៉ះពាលខ្លាំងនោះទេ ព្រោះភ្លៀងចាប់ផ្តើមរាំង ទឹកជំនន់ក៏មិនស្ទុះហក់ខ្លាំងនោះឡើយ។ លុះរហូតដល់ពេលព្រឹកថ្ងៃដដែល ទឹកជំនន់នេះ ក៏ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ អាចឱ្យប្រជាបលរដ្ឋធ្វើដំណើរបើកបរម៉ូតូ និងរថយន្តឆ្លងទៅកាត់ទៅមកតាមធម្មតា ។

លោកបានបន្តថា ៖ តំបន់លិចទឹកដោយជំនន់ទឹកភ្លៀងខាងលើ ជាកន្លែងទំនាប ព្រោះស្ទើររៀងរាល់ឆ្នាំ ឱ្យតែមានករណីភ្លៀងធ្លាក់ជោកជាំ នៅផ្នែកខាងលើនៃក្រុងប៉ៃលិន ឬភ្លៀងធ្លាក់ច្រើននៅត្រង់កន្លែងភូមិឃុំទាំងនេះ តែងតែធ្វើឱ្យក្លាយទៅជាជំនន់លិចលង់ផ្ទះសម្បែងផលដំណាំ របស់ប្រជាពលរដ្ឋ តែក៏ឆាប់ស្រកទៅវិញ បើសិនជាមេឃមិនបន្តធ្លាក់ភ្លៀង ។

ក្នុងនាម អាជ្ញាធរស្រុក លោកបានសង្កេតឃើញថា ក្រោមការដឹកនាំ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន លោកជំទាវ តែងតែរៀបចំឱ្យមាន គណៈកម្មការ ចុះដោះស្រាយ គ្រោះមហន្តរាយធម្មជាតិនានា ដែលមានការចូលរួមពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក /ក្រុង ឃុំ /សង្កាត់ ដើម្បីពន្លឿនក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានហូរចូលទៅក្នុង ភូមិផ្ទះស្បូវ លិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ។ ទឹកជំនន់ លិចផ្លូវលំក្នុង ភូមិផ្ទះស្បូវចំនួន០១កន្លែង ហូរឆ្លងកាត់ផ្លូវ ប្រវែង១០០ម៉ែត្រ ។ លិចផ្លូវចូលទៅក្នុងវត្ត ភូមិផ្ទះស្បូវចំនួន០១កន្លែង ប្រវែង៥០ម៉ែត្រ និងលិចផ្លូវចូលវត្តបាយសី ចំនួន០១កន្លែង ប្រវែង៨០ម៉ែត្រ ។

ទោះបីជាយ៉ាងណា ជំនន់ទឹកភ្លៀងខាងលើ មិនបង្កផលប៉ះពាល់ដល់ដំណាំដាំដុះរបស់ប្រជា ពលរដ្ឋ ឬសត្វចិញ្ចឹមនោះឡើយ ខណ:ទឹកនេះជន់ក្នុងរយ:ពេលខ្លីប៉ុណ្ណោះ ហើយអាជ្ញាធរមូលដ្ឋាន ក៏ត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ ប្រសិនជាមានករណីជំនន់ទឹកភ្លៀងឡើងខ្លាំង ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img