30 C
Phnom Penh
Saturday, July 27, 2024

ជំនន់ទឹកភ្លៀងនៅខេត្តមណ្ឌលគិរីស្រកចុះបណ្ដើរៗ ខណៈផលប៉ះពាល់តិចតួច

ស្តាប់អត្ថបទជាសំឡេង

មណ្ឌលគិរី៖ ក្រោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរយៈពេលខ្លីនៅផ្នែកខ្លះនៃស្រុកចំនួន៣ក្នុងខេត្តមណ្ឌលគិរី ខណៈនេះស្ថានភាពទឹកបានស្រកចុះបណ្ដើរៗ និងមិនមានការហក់ឡើងជាថ្មីនោះទេ គ្រាដែលស្ថានភាពទឹកបានស្រកចុះអស់តាំងពីថ្ងៃទី១៩ ខែតុលាកន្លងមក។


លោក ចាន់ រតនា មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កឲ្យមានផលប៉ះពាលដល់ស្រុកចំនួន៣នៅក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែបានស្រកទៅវិញហើយ ក្នុងនោះស្រុកពេជ្រាដា ប៉ះពាល់តិចតួច ស្រុកកែវសីមា ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល៣០ខ្នង ប៉ុន្ដែមិនធ្ងន់ និងជន់លិចដំណាំប្រជាពលរដ្ឋជិត១០០ហិកតា ចំណែកស្រុកកោះញែក ដែលជាប់ជាមួយដងទន្លេស្រែពក គឺប៉ះពាលធ្ងន់ជាងគេ ដោយមានលំនៅដ្ឋានប្រជាពលរដ្ឋជាង៣០០ខ្នងផ្ទះ ត្រូវទឹកហូរកាត់ពីក្រោម ឬហូរចូលផ្ទះតែម្ដង និងមានលិចសាលារៀន២កន្លែង វត្តអារាម២កន្លែង ស្ពានយោល២កន្លែង ព្រមទាំងផ្លូវនៅទូទាំងស្រុកកោះញែកប្រហែល១០គីឡូម៉ែត្រ។
លោក ចាន់ រតនា និយាយថា «គិតត្រឹមរសៀលថ្ងៃទី២១ តុលា ២០២១នេះ តំបន់ដែលធ្លាប់រងការលិចលង់ប៉ុន្មានថ្ងៃមុន មិនមានរងគ្រោះទៀតនោះទេ ពោលគឺទឹកបានស្រកចុះអស់ហើយ»។

ជាមួយគ្នានេះ លោក ស៊ន សារុន នាយករដ្ឋបាលសាលខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ទោះបីស្ថានភាពទឹកដែលហក់ឡើងកាលពីប៉ុន្មានថ្ងៃមុន បានជន់លិចផ្លូវ ស្ពាន សាលារៀន វត្តអារាម និងផ្ទះប្រជាជនជាច្រើននៅស្រុកកោះញែក ប៉ុន្តែក្រោយទឹកស្រកចុះទៅវិញអស់ ការខូចខាតផ្សេងៗ ពិសេសផ្នែកហេដ្ឋានរចនាសម្ព័ន្ធរបស់ស្រុកកោះញែក មានការខូចខាតតិចតួចប៉ុណ្ណោះ។


ទន្ទឹមនឹងនេះប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា មានតែស្រុកកោះញែកមួយប៉ុណ្ណោះដែលជំនន់ទឹកភ្លៀងបានបង្កឲ្យមានការខូចខាតផលដំណាំប្រជាកសិករ ប៉ុន្តែបើតាមការចុះពិនិត្យរបស់ក្រុម មន្ត្រីជំនាញឃើញថា ការខូចខាតមានតិចតួចបំផុត មិនបណ្ដាលឲ្យកសិករជួបប្រទះនិងផលលំបាកធ្ងន់នោះទេ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img