30 C
Phnom Penh
Saturday, July 27, 2024

ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរី តែមិនទាន់មាន ពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនោះទេ

ស្តាប់អត្ថបទជាសំឡេង

ខេត្តមណ្ឌលគិរី៖ ភ្លៀងធ្លាក់ ប្រមាណជាង១០ថ្ងៃនៅខេត្តមណ្ឌលគិរី បង្កឱ្យមានជំនន់ទឹកភ្លៀង និងទឹកទន្លេស្រែពកហក់ឡើង ជិតដល់ចំណុចប្រកាសអាសន្ន ដែលស្ថានភាពនេះ អាជ្ញាធរកំពុងចាត់វិធានការ បន្ទាន់ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេនឹងមាត់អូរនានាក្នុងខេត្ត។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តមណ្ឌលគិរីបានឱ្យដឹងថា នៅខេត្តមណ្ឌលគិរីមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនោះទេ។ ប៉ុន្តែដោយសារតែមេឃបង្អុរភ្លៀងចុះជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃអស់ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានជំនន់ទឹកភ្លៀង ។ចំណែកនៅស្រុកកោះញែកទឹកទន្លេស្រែពក បានហក់ឡើងគួរឲ្យកត់សម្គាល់ ដ្បិតមានការបើកទ្វារទឹកពីប្រទេសវៀតណាម គួបផ្សំគ្រប់ដងអូរទាំងអស់មានទឹកហូរបុកចូលទន្លេ ទើបធ្វើឱ្យកម្ពស់ទឹងទន្លេឡើងរាល់ថ្ងៃ។

ជាមួយគ្នានេះរដ្ឋបាលស្រុកកោះញែក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយដងទន្លេស្រែពក និងដងអូរច្បារឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ស្ទួនៗជាប់គ្នាមួយរយៈពេលកន្លងមកនេះ នៅតំបន់ប៉ែកខាងលើ ហើយបានបន្តហូរចូលមកក្នុងទន្លេស្រែពកផ្នែកខាងក្រោម និងនៅតំបន់ប៉ែកខាងលើ អូរច្បារ បន្តហូរចូលក្នុងអូរច្បារផ្នែកខាងក្រោម ធ្វើឱ្យជំនន់ទឹកភ្លៀងមានការកើនឡើងខ្ពស់។ ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោមតាមបណ្តោយទន្លស្រែពក និងអូរច្បារ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

រីឯស្រុកពេជ្រាដា មានភ្លៀងធ្លាក់ពេលយប់ច្រើន បណ្ដាលឱ្យមានទឹកជន់លិចផ្លូវនៅឃុំពូជ្រៃ២កន្លែង សេចក្តីរាយការណ៍ពីស្រុកកែវសីមាថា ជំនន់ទឹកភ្លៀងបានឡើងលិចនៅលើដងផ្លូវ នៅចំណុចភូមិពូហ៊ូង ប្រវែងជិត១០០ម៉ែត្រ មានជម្រៅជិត១ម៉ែត្រ ទឹកនៅបន្តឡើង ព្រោះភ្លៀងនៅតែបន្តធ្លាក់ ចំណែកស្រុកកោះញែក ស្ថានភាពទឹកទន្លេស្រែពក នៅភូមិជីមាត នាព្រឹកថ្ងៃទី១៨ ខែតុលានេះ បានកំពុងហក់ឡើងដល់ជិតកម្រិតប្រកាសអាសន្ន ហើយភ្លៀងនៅបន្តរលឹមមិនទាន់រាំងនៅឡើយទេ។

លោក ស៊ន សារុន អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទោះបី នៅខេត្តមណ្ឌលគិរីមិនទាន់មានបញ្ហា ទឹកជំនន់វាយប្រហារភូមិឋានរបស់អ្នកស្រុកមែន ប៉ុន្តែរដ្ឋបាលខេត្តបានចាត់វិធានការត្រៀមបង្ការ ស្បៀងអាហារ និងសម្ភារសម្រាប់សង្គ្រោះដល់ប្រជាពលរដ្ឋដែលប្រឈមទៅនឹងការជន់លិចប៉ះពាល់ដល់សុវត្ថិភាពពួកគាត់ និងបានត្រៀមរៀបចំទុកសម្រាប់ ជួយសង្គ្រោះនៅតំបន់ហានិភ័យ។ លោក ស៊ន សារុន បញ្ជាក់ថា រដ្ឋបាលខេត្តក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាព ដើម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន តាមមាត់ទន្លេឬ ដងអូរនានា ក្នុងករណីមានការជន់លិចធ្ងន់ធ្ងរ ដើម្បីត្រៀមជម្លៀសពួកគាត់ ទៅកាន់ទីទួលសុវត្ថិភាព បង្ការគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img