30 C
Phnom Penh
Saturday, July 27, 2024

ជំងឺដុំពកលើស្បែកសត្វគោ ក្របី នៅខេត្តកំពង់ឆ្នាំង ឆ្លងរាលដាលកើនដល់ជាង ២ពាន់ក្បាលហើយ

កំពង់ឆ្នាំង៖ ជំងឺដុំពកលើស្បែកសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង នៅពេលនេះកំពុងឆ្លងរាលដាលកាន់តែច្រើន ទោះបីមានមន្ត្រីពេទ្យសត្វចុះជួយព្យាបាលយ៉ាងណា ក៏នៅមិនទាន់មានការថមថយនោះដែរ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី នៅមិនទាន់ថមថយនៅឡើយទេ សត្វឆ្លងជំងឺនេះកាន់តែច្រើន។  គិតត្រឹមថ្ងៃទី២៤  ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តមានសត្វឈឺកើនដល់ចំនួន ២.២៣៧ក្បាល ស្លាប់កើនដល់ចំនួន ១៦ក្បាល ខណៈព្យាបាលឱ្យជាសះស្បើយចំនួន ៦១៦ក្បាល និងកំពុងព្យាបាលចំនួន ១.៦០៥ក្បាល។

លោកបានបញ្ជាក់ថា នៅពេលនេះ ការិយាល័យបានរៀបចំកម្លាំងចំនួន៣ក្រុម ចុះជួយពេទ្យសត្វនៅតាមមូលដ្ឋាន ក្នុងការព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋ ដែលកំពុងកើតជំងឺដុំពកនៅលើស្បែកនេះ។

លោក ក្រឹង សំអាត បានប្រាប់ពីវិធីមួយចំនួន ដែលប្រជាពលរដ្ឋ អាចធ្វើបាន ដូចជាត្រូវបំបែកសត្វឈឺ ចេញពីសត្វជា លាងសំអាតខ្លួនសត្វ ជាមួយសាប៊ូលាងចាន ហើយលាបថ្នាំសម្លាប់មេរោគ មានបេតាឌីន ឬមេឌីឡែនប្លូ ប្រើថ្នាំបញ្ចុះកំដៅ ឬប្រឆាំងនឹងរលាក ថ្នាំប្រឆាំងនឹងហ៊ីស្តាមីន ឬអាឡែស៊ី ថ្នាំផ្សះ និងមិនត្រូវប្រើម្ជុលរួម ក្នុងការព្យាបាលឡើយ។ ត្រូវការពារកុំឱ្យរុយពងដាក់ បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង បំពួកភ្នក់ផ្សែង ប្រើធូបមូស និងសម្អាតបរិវេនកន្លែងចិញ្ចឹម ជាប្រចាំ។ បើមានសត្វឈឺត្រូវរាយការណ៍ជាបន្ទាន់ជូនបសុពេទ្យ ដើម្បីចុះជួយអន្តរាគមន៍បានទាន់ពេលវេលា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img