ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ជប៉ុនផ្តល់ឥណទានសម្បទានបន្ថែម ដល់កម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ចំនួន ៦. ៣៣៦លានយ៉េន (ប្រមាណ ៥៨លានដុល្លារអាមេរិក)។
ឥណទាននេះត្រូវបានចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីដេអូ។
គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦០.០០០ម៣ ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះ មានការសាងសង់ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក, សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនឹងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាបទាំងមូល។
កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជា ឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជាក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹងមុំទី ១ នៃចតុកោណទី ៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រដ្ឋាភិបាលជប៉ុន តាមរយៈ JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់ នូវការអនុវត្តគម្រោង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងភាពជាដៃគូជាយុទ្ធសាស្ត្ររយៈពេលវែង ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាជនគ្រប់រូបទទួលបាននូវទឹកដែលស្អាត និងមានសុវត្ថិភាពប្រើប្រាស់។
លោកស្រី ប្រធាន JICA បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់រាជដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត គម្រោងដ៏សំខាន់នេះ។
លោកស្រីក៏បានឱ្យដឹងផងដែរថា JICA បានបន្តជួយដល់រដ្ឋាករទឹកស្វយ័តសៀមរាប តាមរយៈគម្រោងមួយទៀត គឺ គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ ដែលនេះជាគម្រោងសហប្រតិបត្តិការបច្ចេកទេសក្នុងគ្រាអាសន្ន ហើយគម្រោងនេះនឹងផ្តល់ជាសម្ភារៈ និងសារធាតុគីមី សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដែលធានាគុណភាពទឹក ឱ្យស្របតាមស្តង់ដារគុណភាពថ្នាក់ជាតិ ក្នុង បរិបទនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ដែលកន្ល ងមក តែងតែយកចិត្តទុកដាក់ រួមសុខទុក្ខជាមួយកម្ពុជា គ្រប់កាលៈទេសៈ ជាពិសេស ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ទើបតែបានបន្តសន្យាផ្តល់ ហិរញ្ញប្បទាន ឥតសំណងដែលមានទឹកប្រាក់ ១.៦០០លានយ៉េន សម្រាប់ កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន