30 C
Phnom Penh
Saturday, July 27, 2024

ជប៉ុនផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ត ការថែទាំសុខភាពសហគមន៍ និងគាំទ្រកុមារ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានធ្វើពិធីចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៧២៨.៥០១ ដុល្លារទៅដល់អង្គការចំនួន៣ ក្រោមគោលការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរាដ្ឋាភិបាលជប៉ុន ដែលកំពុងធ្វើការ លើការពង្រឹងប្រព័ន្ធវេជ្ជសាស្រ្តដើម្បីអនុវត្តការវះកាត់កុមារ ការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារនៅកម្ពុជា។

តាមការបញ្ជាក់របស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នៅក្នុងពិធីចុះហត្ថលេខានៅស្ថានទូតជប៉ុនប្រចាំកម្ពុជាឲ្យដឹងថា អង្គការទាំង៣ដែលទទួលបានជំនួយនៅថ្ងៃនេះមានដូចជាទី១ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្រ្គោះអន្តរជាតិ (FIDR) ដែលទទួលបានថវិកា ១២៥ .០១២ដុល្លារ ដែលអង្គការនេះមានគោលបំណងពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីកែលម្អគុណភាពនៃការអនុវត្តការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ទី២ អង្គការមូលនិធិជប៉ុន (PHJ) ទទួលបានថវិកាចំនួន ២០០.៩០៦ដុល្លារ ដែលអង្គការនេះមានគោលបំណងក្នុងការកាត់បន្ថយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ និងលើកកម្ពស់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ ដោយតាមរយៈគម្រោងនេះកុមារអាយុក្រោម៥ឆ្នាំចំនួន ៤.៦៦៩នាក់នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រឹងចំណេះដឹងរបស់ឪពុកម្តាយរបស់ពួកគេ ដែលនាំឲ្យពួកគេលូតលាស់ដោយមានសុខភាពល្អ។ ចំពោះអង្គការទី៣ គឺ អង្គការសន្តិស្ម័គ្រចិត្ត(SVA) ដែលទទួលបានថវិកា
ចំនួន ៤០២.៥៨៣ដុល្លារ ដោយអង្គការនេះនឹងសាងសង់អគារសិក្សាដែលរួមមានបន្ទប់បណ្ណាល័យ បង្គន់អនាម័យ និងកន្លែងលាងដៃនៅសាលាបឋមសិក្សាចំនួន៣ក្នុខេត្តបាត់ដំបង ដើម្បីកែលម្អបរិស្ថានសិក្សានិងអនាម័យ ដោយតាមរយៈគម្រោងនេះសិស្សានុសិស្ស និងគ្រូចំនួន ១.១៤០នាក់នៅតាមសាលគោលដៅ
ទាំងនោះនឹងអាចសិក្សាក្នុងបរិស្ថានដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img