ស្តាប់អត្ថបទជាសម្លេង
មន្ត្រីនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុនបាននិយាយថា ប្រទេសជប៉ុននឹងបញ្ជូនយន្តហោះយោធាមួយគ្រឿងទៅប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនក្នុងគ្រាដែលមានភាពមិនច្បាស់លាស់នៅទីនោះបន្ទាប់ពីក្រុមតាលីបង់បានចូលគ្រប់គ្រងអំណាច។
លោក ខាត់ស៊ូណូបុ កាតូ (Katsunobu Kato) រដ្ឋមន្ត្រីខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយក្នុងសន្និសីទសារព័ត៌មានថា យន្តហោះដឹកជញ្ជូនយោធាជាច្រើនគ្រឿងទៀតត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជូនទៅអាហ្វហ្គានីស្ថានដើម្បីជម្លៀសមិនត្រឹមតែពលរដ្ឋជប៉ុនទេគឺព្រមទាំងពលរដ្ឋអាហ្វហ្គានីស្ថានដែលធ្វើការនៅស្ថានទូតជប៉ុន ឬជាមួយបេសកកម្មជប៉ុនផងដែរ។
ប្រទេសជាច្រើនបានបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋរបស់ពួកគេនិងពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនទៀត បន្ទាប់ពីអាមេរិកនិងប្រទេសផ្សេងទៀតរួមទាំងអង់គ្លេសបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ទៅអាហ្វហ្គានីស្ថានដើម្បីជួយសម្របសម្រួលដល់ការជម្លៀស។
លោក កាតូ មិនបាននិយាយអំពីចំនួនពលរដ្ឋជប៉ុនដែលនឹងត្រូវជម្លៀសនោះទេ។ នៅមុននេះក្រុមមន្ត្រីជប៉ុនបាននិយាយថា ជប៉ុនបានបិទស្ថានទូតរបស់ខ្លួននៅអាហ្វហ្គានីស្ថាននិងជម្លៀសបុគ្គលិកចំនួន១២នាក់ដែលនៅសេសសល់ ប៉ុន្តែនៅមានពលរដ្ឋជប៉ុនមួយចំនួនតូចទៀតដែលកំពុងស្ថិតនៅទីនោះ៕
អត្ថបទ និងរូបភាពដោយ Puthinews