ស្តាប់អត្ថបទជាសម្លេង
មនុស្សជិតពីរលាននាក់ត្រូវបានជំរុញឱ្យភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ក្នុងគ្រាដែលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងផ្នែកខ្លះនៃប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។
ការព្រមានអំពីភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់បំផុតត្រូវបានប្រកាសនៅក្នុងខេត្តមួយចំនួនរួមមានហ្វូគូអូកា (Fukuoka) និងហ៊ីរ៉ូស៊ីម៉ា (Hiroshima)។
ស្ត្រីម្នាក់បានបាត់បងជីវិត ហើយប្តី និងកូនស្រីរបស់គាត់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីការរអិលបាក់ដីបានបំផ្លាញផ្ទះពីរខ្នងនៅក្នុងខេត្តណាហ្គាសាគី (Nagasaki)។
ទាហាន , ប៉ូលិស និងអ្នកពន្លត់អគ្គិភ័យជាង ១៥០នាក់ត្រូវបានបញ្ជូនទៅជួយប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់នោះ។
មន្រ្តីមូលដ្ឋានម្នាក់បាននិយាយថា «ពួកគេកំពុងស្វែងរកអ្នកស្រុកដែលកំពុងបាត់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងកំពុងប្រយ័ត្នប្រយែងព្រោះខ្លាចមានការរអិលបាក់ដីបន្ថែមទៀតខណៈភ្លៀងនៅតែបន្ត
ធ្លាក់»។
តំបន់ភាគខាងលិចនៃប្រទេសជប៉ុនបានរងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានឹងបន្តកើតមាននៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
អត្តបទនឹងរូបភាពដោយ Puthinews