26 C
Phnom Penh
Saturday, July 27, 2024

ជប៉ុនគ្រោងពង្រីកវិធានការគ្រាអាសន្នខណៈដែលវីរុសកូវីដ-១៩ប្រភេទ Delta កំពុងវាយលុក

ស្តាប់អត្ថបទជាសម្លេង

រដ្ឋមន្ត្រីទទួលកិច្ចការឆ្លើយតបនឹងជំងឺកូវីដ-១៩បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុនគ្រោងនឹងពង្រីកវិធានការគ្រាអាសន្នទៅកាន់ខេត្តចំនួន៨ទៀតដោយសរុបឡើងដល់២១ខេត្តហើយដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើមន្ទីរពេទ្យ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក យ៉ាស៊ូតូស៊ិ នីស៊ីមូរ៉ា (Yasutoshi Nishimura) បាននិយាយថា ការពង្រីកវិធានការគ្រាអាសន្នដែលនឹងគ្របដណ្តប់ស្ទើរតែពាក់កណ្តាលនៃខេត្តសរុបចំនួន៤៧របស់ជប៉ុននោះត្រូវបានគេរំពឹងថានឹងត្រូវបានសម្រេចជាផ្លូវការនៅថ្ងៃពុធនេះ។

លោក នីស៊ីមូរ៉ា (Nishimura) បាននិយាយថា «កិច្ចការសំខាន់បំផុតគឺពង្រឹងប្រព័ន្ធសុខាភិបាល» ដោយបានបន្ថែមថាការត្រៀមអុកស៊ីសែននិងគ្រូពេទ្យឲ្យបានគ្រប់គ្រាន់គឺជាចំណុចអាទិភាពមួយ។

ជាមួយការឆ្លងរាលដាលយ៉ាងលឿននៃវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta, រដ្ឋាភិបាលជប៉ុនកំពុងព្យាយាមគ្រប់គ្រងស្ថានភាពនេះ ខណៈដែលពលរដ្ឋធុញទ្រាន់នឹងការរស់នៅក្រោមការរឹតត្បិត។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន២១,៥៧០នាក់និងករណីបាត់បង់ជីវិតចំនួន៤២នាក់កាលពីថ្ងៃអង្គារ។ អត្រាបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅជប៉ុនស្ថិតក្នុងកម្រិតប្រហែល១.២%បើធៀបទៅនឹង១.៧%នៅអាមេរិក និង២%នៅអង់គ្លេស។

ការអនុវត្តវិធានការគ្រាអាសន្នជាច្រើនខែមកនេះនៅក្នុងទីក្រុងតូក្យូ និងតំបន់ក្បែរៗនោះមិនអាចកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានឡើយដោយបច្ចុប្បន្ន៩០%នៃគ្រែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងនេះពោរពេញទៅដោយអ្នកជំងឺកូវីដ-១៩។

នៅពេលដែលគ្រែពេទ្យជិតពេញអស់, អ្នកជំងឺជាច្រើនត្រូវបង្ខំចិត្តសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯងដោយអ្នកខ្លះបានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

អត្ថបទនឹងរូបភាពដោយ Puthinews

អានបន្ត

spot_img