ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសម្នាក់ ដោយកាត់ក្បាល កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។


ជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនមកតុលាការ ទី១ ឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ និងស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។
បុរស ស្ត្រីទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលក្រុង និងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ពេជ្យ ជីវ័ន្ត ជាជនដៃដល់ និងស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។


សមត្ថិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារខឹងជនរងគ្រោះរំលោភប្រពន្ធរបស់ខ្លួន។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ុង ផ្លូវ៥០ម៉ែត្រ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម ហើយបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News