30 C
Phnom Penh
Saturday, July 27, 2024

ជនសង្ស័យប្រុសស្រីចំនួន១២នាក់ នៅខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងប្រមូលបានវត្ថុតាងជាច្រើន

ជនសង្ស័យប្រុសស្រីចំនួន១២នាក់ នៅខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងប្រមូលបានវត្ថុតាងជាច្រើន

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានថ្លែងថា ជនសង្ស័យប្រុសស្រីចំនួន១២នាក់ ត្រូវបានកម្លាំងនគបាលក្រុងស្ទឹងសែន កម្លាំងនគរបាលខេត្ត សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង កម្លាំងជំនាញស្នងការនគរបាលខេត្តកំពត បានកំណត់មុខសញ្ញាឈានដល់ការបង្រ្កាបបាន ជនសង្ស័យដែលតែងតែធ្វើសកម្មភាពលួចលុយតាមកន្លែងវេរប្រាក់យ៉ាងសកម្ម តាមបណ្ដារាជធានីខេត្តមួយចំនួន។

ជនសង្ស័យប្រុសស្រីទាំង១២នេះ ត្រូវបានបញ្ជូនខ្លួន រួមទាំងវត្ថុតាងទាំងអស់ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌនគរបាលជាតិ ហើយបញ្ជូនទៅតាមបណ្ដាខេត្តដែលពាក់ព័ន្ធ។

លោក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បញ្ជាក់ប្រាប់ផងដែរថាប្រតិបត្តិការបង្ក្រាបជនល្មើសប្រុសស្រីខាងលើនេះ នៅយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំចំនួន ០៣ទីតាំង ផ្សេងៗគ្នា ទី០១ ធ្វើការបង្ក្រាបបាននៅផ្ទះសំណាក់វល្លិមាស ទី០២ នៅផ្ទះសំណាក់លី ហ័ន ទល់មុខវត្តកំពង់ធំ និងទី០៣ ធ្វើការបង្ក្រាបបាននៅផ្ទះសំណាក់ពន្លឺថ្មីនៅដំរីជាន់ខ្លា។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងនគរបាលខេត្តកំពង់ធំ ទទួលបន្ទុក ព្រហ្មទណ្ឌ បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះថា មុខសញ្ញាទាំង១២នាក់នេះ ជាមុខសញ្ញាចូលបន្លំលួចលុយនៅតាមបណ្ដាវេរលុយ និងតាមតំបន់នានាជាច្រើនកន្លែង ដោយមានបក្ខពួកជាច្រើននាក់ ប្រើល្បិចកល ជាមួយអ្នកវេរលុយផង ជាអ្នកទិញរបស់របរផង ដើម្បីពង្វក់ស្មារតីម្ចាស់ទ្រព្យសម្បត្តិទាំងអស់នោះ រហូតភ្លេចស្មារតី ហើយចូលបន្លំលួចលុយលួចទ្រព្យសម្បត្តិជនរងគ្រោះតែម្តង។

លោកបន្តទៀតថាជនសង្ស័យទាំងនេះកន្លងមកធ្វើសកម្មភាព ជាច្រើនករណីរួចមកហើយនៅតាមបណ្ដាខេត្តមួយចំនួន ក្នុងនោះមាន ទីក្រុងភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ចុងក្រោយនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងប៉ុនប៉ងមកធ្វើសកម្មភាពនៅខេត្តកំពង់ធំ បានកំណត់ទីតាំងរួចជាស្រេចហើយ តែត្រូវបានអស់លក្ខណ៍នៅក្នុងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង បានធ្វើការបន្តផ្សព្វផ្សាយទៅតាមបណ្ដាអធិការគ្រប់ ក្រុង/ ស្រុកទាំង០៩ នៅទូទាំងខេត្តកំពង់ធំ បន្ត ផ្សព្វផ្សាយទៅអាជីវករ តាមបណ្ដាវេរលុយទាំងអស់ ឲ្យបានដឹងនូវល្បិចកល បន្លំលួចរបស់ជនសង្ស័យដែលធ្លាប់ធ្វើសកម្មភាពនៅតាមបណ្ដាខេត្តកន្លងមកនេះ។
វត្ថុតាងត្រូវបានកម្លាំងនគរបាលដកហូតរួមមាន៖ រថយន្តចំនួន ២គ្រឿង ម៉ាកហាយឡិនឌ័រពណ៌ស ១គ្រឿង និង ម៉ាកលុច្សស៊ីស ៣០០ពណ៌ ខ្មៅ១គ្រឿង ម៉ូតូម៉ាកហុងដាស៊េរី២០២១ ពណ៌ខ្មៅ ចំនួន៣គ្រឿង
និងទូរស័ព្ទដៃចំនួន ១៤ គ្រឿង៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img