ខេត្តកំពង់ឆ្នាំង ដីព្រៃលិចទឹកជាជម្រកត្រីពងកូន និងជម្រកសត្វស្លាប ពងកូនបន្តពូជ នៅចំណុចបាតអាងទំនប់តាមេវ ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានជនល្មើសលួចកាប់បំផ្លាញអស់ប្រមាណជិត១ហិកតា ។ មន្ត្រីជំនាញ ដែលបានចុះពិនិត្យ កាលពីរសៀលថ្ងៃទី៤ ខែមិថុនានេះ បានសន្និដ្ឋានថា៖ ទី១ជនល្មើសកាប់ដើមឈើតូចធំ ដើម្បីយកធ្វើជាសម្រាស់ដាក់ក្នុងទន្លេ ទី២គឺដើម្បីវាទយកដីធ្វើកម្មសិទ្ឋ។
លោក តាត សីហាក់ប្រធានផ្នែករដ្ឋបាល ជលផល រួមនិងមន្ត្រីជំនាញ ដែលបានចុះពិនិត្យដល់ទីតាំងបទល្មើសជាក់ស្តែង បានឲ្យដឹងថា បទល្មើសនេះបានបង្កឲ្យមានការខូចខាតព្រៃលិចទឹកបាត អាងទំនប់តាមេវ អស់ប្រមាណជាងកន្លះហិកតា ក្នុងទំហំដីបាតអាងជាច្រើន ហិកតា។ចំណែក គំនរដើមឈើ ព្រៃលិចទឹក ដែលបានប្រទះឃើញ ប្រមាណ១០០ដើម គរ ទុកនៅមាត់ទន្លេផ្នែកខាងកើត ត្រូវបានសមត្ថកិច្ចជលផលដុតកម្ទេចចោល។
លោក តាត សីហាក់ បានបញ្ជាក់ថា៖ បាតអាងទំនប់តាមែវនេះ ពុំមែនស្ថិតក្នុងតំបន់អភិរក្សអ្វីទេ គ្រាន់តែ តំបន់ដែលមានដើមឈើព្រៃលិចទឹកជាច្រើននៅក្នុងបាតអាង ដែលជាជម្រកត្រីពងកូនក្នុងរដូវវស្សា និងជាជម្រកសត្វស្លាប ធ្វើសំបុកបន្តពូជផងដែរ ។យ៉ាងនេះក្តី មន្ត្រីជំនាញ កំពុង ស្រាវជ្រាវរកមុខសញ្ញា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាតំបន់បាតអាងដែលគេកាប់ខាងលើនេះ ជាព្រៃលិចទឹកជា សំបុកត្រីពងកូន និងជាជម្រកសំបុកសត្វ ស្លាប ដែលមានព្រៃក្រាស់ធំៗ កាលពីមុនដើរចូលមិនរួចឡើយ។ប៉ុន្តែបច្ចុប្បន្ន បានក្លាយជាដីវាលខ្លះៗបណ្តើរហើយ ដោយសារការកាប់ទន្ទ្រាន ជារៀងរាល់ឆ្នាំ ។
ជុំវិញការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ខាងលើ បាន ស្នើសុំ មន្ត្រីជំនាញ ជលផល មន្ត្រីធនធានទឹក ខេត្តកំពង់ឆ្នាំង ចុះធ្វើការស្រាវជ្រាវ រកជន ល្មើស ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ព្រោះបទល្មើសនេះ បានបំផ្លាញជម្រកត្រីពងកូន ជម្រកសត្វស្លាប យកព្រៃធ្វើជាសម្រាស់ដាក់ក្នុងទន្លេ គឺសុទ្ឋតែជាបទល្មើសខុសច្បាប់៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New