26 C
Phnom Penh
Saturday, July 27, 2024

ឆ្នាំ២០២១ ផលនេសាទសមុទ្រខេត្តកែបប្រមូលបានជាង៥ពាន់តោន ក្នុងនោះបង្រ្កាបបទល្មើសបាន៤០ករណី

កែប៖ យោងរបាយការណ៍ ស្តីពីការងារបូកសរុបសភាពការណ៍ការងារប្រចាំឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប  ដែលលោក ថឹង បូរិន ប្រធានមន្ទីរ បានផ្តល់ឱ្យនាពេលថ្មីៗនេះ  បានបញ្ជាក់ថា ផលនេសាទសមុទ្រស្រស់ខេត្តកែប ប្រមូលបាន៥.២៤៧តោន ជាមួយគ្នានោះ ការបង្ក្រាបបទល្មើសជលផលដែលជំនាញបង្រ្កាបបានមានចំនួន៤០ករណី។ 

បទល្មើសភាគច្រើនដែលរដ្ឋបាលជលផល  ធ្វើការបង្ក្រាបបានរួមមាន ការធ្វើនេសាទរួមផ្សំ ដោយទុយោមុជខ្យល់ចំនួន០៤ករណី ការបង្ក្រាបដោយរឹបអូសឧបករណ៍ឆក់ត្រីដែលជនល្មើសបាន កាត់ទំលាក់ចោល ចំនួន០៨ករណី បង្ក្រាបការធ្វើនេសាទលបកន្ទុយកណ្តុរខុសច្បាប់ចំនួន ២២ ករណីឈិបរុញដោយដៃមានភ្ជាប់ឧបករណ៍ឆក់ត្រី ចំនួន០៣ករណី និងបង្ក្រាបអួនអូសក្នុងតំបន់ទឹករាក់ចំនួន០២ករណី។

ម្ហូបសមុទ្រខេត្តកែប ត្រូវបានគេស្គាល់ថា មានរស់ជាតិឆ្ងាញ់ ដោយសារតែផ្ទៃសមុទ្រក្នុងខេត្តកែប សម្បូរទៅដោយ ស្មៅសមុទ្រ ដែលជាប្រភពចំណីដ៏សំខាន់ របស់ភាវរស់សមុទ្រទាំងនោះ ដោយក្នុងនោះខេត្តកែប មានកន្លែងអភិរក្សស្មៅសមុទ្រ និងកន្លែងអភិរក្សជលផល នៅក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រខេត្តកែប១០កន្លែង ដែលមានផ្ទៃដីសរុបរហូតដល់៣.០៩៥ ហិកតា។

ជាមួយនឹងទិន្នផលទាំងនោះ ខេត្តកែបក៏មានធនាគារក្តាមសេះសរុបមាន ចំនួន០៤កន្លែង ក្នុងឆ្នាំ២០២១ ហើយការប្រមូលក្តាមមេពងដាក់ចូលក្នុងធនាគារ ក្តាមបានចំនួន៦៧៣គីឡូក្រាម ស្មើនឹង៧.៣៣២មេក្តាម។ 

បើតាមការឱ្យដឹងពីលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាន៍ថា ក្តាមសេះ១ក្បាល មានគ្រាប់ពងប្រហែល១លានគ្រាប់ បើយើងលែងចូលសមុទ្រវិញ វានឹងផ្តល់ក្តាមជំទង់មកវិញប្រហែល១.០០០ក្បាល បើយើងលែងមេក្តាមពង១ម៉ឺនក្បាល នោះនឹងផ្តល់ក្តាមជំទង់មកវិញចំនួន១០លានក្បាល។ 

យោងរបាយរណ៍របស់មន្ទីរកសិកម្មដដែល បានបញ្ជាក់ថា ចំនួននាវានេសាទកំពុងធ្វើប្រតិបត្ដិការ តាមតំបន់ឆ្នេរ ក្នុងខណ្ឌរដ្ឋបាលជលផលកែប មានចំនួនសរុប៧២៨គ្រឿងផងដែរ ក្នុងជំរឿនឆ្នាំ២០១៨៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img