30 C
Phnom Penh
Saturday, July 27, 2024

ច្រកទ្វារព្រំដែនព្រែកចាក នៅតែបន្តរឹតបន្តឹងលើការចេញ-ចូល និងអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល

ស្តាប់អត្ថបទជាសំឡេង

កំពត៖ ដោយសារស្ថិតក្នុងបត្តិកូវីដ-១៩ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៅតែបន្តបិទផ្អាកការធ្វើដំណើរឆ្លងកាត់ ប៉ុន្តែ ការដោះដូរទំនិញនៅដំណើរការជាធម្មតា។ ការនេះដើម្បីធានាបាននូវសុខសុវត្ថិភាព សន្តិសុខ សណ្ឋាប់ធ្នាប់ បង្ការទប់ស្កាត់កូវីដ-១៩ និងទប់ស្កាត់រាល់បទល្មើសនានានៅតំបន់ព្រំដែន។

លោក ង៉ែត សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ ព្រែកចាក បានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ថា ដោយស្ថិតក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សកម្មភាពដោះដូរទំនិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៅតែបន្តមានភាពស្ងប់ស្ងាត់ ប៉ុន្តែសមត្ថកិច្ចជំនាញដែលឈរជើងប្រចាំការ នៅតែបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។

ម្យ៉ាងវិញទៀត ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗ បានដាក់ចេញនូវគោលការណ៍សំខាន់ៗមួយចំនួន ជូនដល់សមត្ថកិច្ចជំនាញដែលឈរជើងប្រចាំការអនុវត្ត ដោយត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តនូវបទបញ្ជាផ្ទៃក្នុងរបស់ទីស្នាក់ការត្រួតពិនិត្យ ក្នុងនោះត្រូវរួមសហការគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមច្រកទ្វារព្រំដែន ពង្រឹងវិធានការអនុវត្តច្បាប់ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ពង្រឹងការប្រមូលពន្ធប្រកបដោយតម្លាភាព បញ្ជៀសឱ្យបាននូវភាពអសកម្មផ្សេងៗ មិនត្រូវយកតួនាទីទៅអនុវត្តផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នសាម៉ីរបស់ខ្លួនឡើយ។

ក្រៅពីនេះ ត្រូវសហការរក្សាសាមគ្គីភាពឱ្យបានល្អរវាងអង្គភាពនីមួយៗ និងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ច្បាស់លាស់អំពី សកម្មភាពការងារអនុវត្តប្រចាំថ្ងៃ សប្តាហ៍ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីបានជាមូលដ្ឋានសម្រាប់ប្រធានស្នាក់ការ ធ្វើរបាយការណ៍បូកសរុបជូនអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។

សូមបញ្ជាក់ថា ការដាក់ចេញនូវគោលការណ៍សំខាន់ៗទាំងនេះ ដើម្បីជំរុញ និងពង្រឹងការអនុវត្ត វិធានការច្បាប់ និងវិធានការរដ្ឋបាល សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការស្វែងរកប្រភពចំណូលជូនរដ្ឋ ពិសេសការបង្ការទប់ស្កាត់ជំងឺឆ្លងរីករាលកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img