30 C
Phnom Penh
Saturday, July 27, 2024

ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហៃទីកើនឡើងដល់១,២៩៧នាក់

ស្តាប់អត្ថបទជាសម្លេង

ទីភ្នាក់ងារការពារស៊ីវិលបានបង្ហោះនៅលើគណនីធ្វីតធ័រ (Twitter) កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារប្រទេសហៃទីកាលពីថ្ងៃសៅរ៍កើនឡើងដល់យ៉ាងហោច១,២៩៧នាក់ ខណៈដែលក្រុមការងារជួយសង្គ្រោះកំពុងខិតខំបន្តស្វែងរកអ្នកនៅមានជីវិតដែលជាប់នៅខាងក្រោមគំនរអគារបាក់បែក។

យោងតាមទីភ្នាក់ងារការពារស៊ីវិល ចំនួនអ្នករងរបួសក៏បានកើនឡើងទ្វេដងផងដែរគឺដល់ជាង៥,៧០០នាក់។

រញ្ជួយដីកម្រិត៧.២រ៉ិចទ័រនោះបានបណ្តាលឲ្យដួលរលំផ្ទះនិងអគាររាប់រយខ្នងនៅក្នុងប្រទេសនៅតំបន់ការ៉ាបៀនមួយនេះដែលបានជួបហេតុការណ៍ដ៏រន្ធត់ពីការធ្វើឃាតប្រធានាធិបតីកាលពីខែមុន។

តំបន់ភាគនិរតីនៃប្រទេសហៃទីគឺជាទីតាំងដែលរងគ្រោះខ្លាំងជាងគេបំផុតជាពិសេសគឺនៅតំបន់ខាងក្នុងនិងជុំវិញទីក្រុង ឡេស ខាយេស (Les Cayes) ។

ព្រះវិហារកាតូលិក, សណ្ឋាគារ, មន្ទីរពេទ្យ និងសាលារៀនជាច្រើនកន្លែងត្រូវបានរងការខូចខាតធ្ងន់ធ្ងរ ឬត្រូវបានបំផ្លាញទាំងស្រុង។

ប្រតិបត្តិការជួយសង្គ្រោះត្រូវបានគេរំពឹងថានឹងកាន់តែស្មុគស្មាញថែមទៀតដោយសារការមកដល់នៃព្យុះត្រូពិក ក្រេស (Grace) ដែលត្រូវបានគេព្យាករថានឹងវាយប្រហារប្រទេសហៃទីដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទនេះ។ 

ជាមួយគ្នានោះ សេវាអាកាសធាតុជាតិបាននិយាយផងដែរថា ផ្នែកមួយចំនួននៃប្រទេសហៃទីក៏កំពុងប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសម្ភារៈចាំបាច់ និងក្រុមការងាររុករកនិងជួយសង្គ្រោះដែលមានសមាជិកចំនួន៦៥នាក់ទៅកាន់ប្រទេសហៃទី៕

អត្តបទនឹងរូបភាពដោយ  Puthinews

អានបន្ត

spot_img