មនុស្សយ៉ាងហោចណាស់ចំនួន ១.៩៤១នាក់បានស្លាប់នៅក្នុងប្រទេសហៃទីដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសៅរ៍ ដែលតួលេខនេះបានកើនឡើងជាង ៥០០នាក់បើធៀបនឹងតួលេខកាលពីថ្ងៃអង្គារ។
មនុស្សជិត ១ម៉ឺននាក់បានរងរបួស ហើយមនុស្សជាច្រើនកំពុងបាត់ខ្លួននៅឡេីយបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រនោះ។
មន្ទីពេទ្យមួយចំនួនត្រូវបានជោរជន់ដោយអ្នករងរបួស និងកំពុងត្រូវការបរិក្ខារពេទ្យជាបន្ទាន់ ក្នុងគ្រាដែលក្រុមគ្រូពេទ្យកំពុងតស៊ូព្យាបាលអ្នករបួស។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបង្អាក់ដោយភ្លៀងធ្លាក់ខ្លាំង បណ្ដាលមកពីព្យុះត្រូពិក ហ្គ្រេស (Grace) ដែលបានវាយប្រហារប្រទេសហៃទីក្នុងសប្ដាហ៍នេះ។
មនុស្សរាប់ម៉ឺននាក់ដែលបានបាត់បង់ផ្ទះសម្បែងដោយសារការរញ្ជួយដីនេះ ត្រូវសម្រេចចិត្តថាតើត្រូវជ្រកនៅក្រោមតង់កៅស៊ូ ឬត្រូវប្រថុយជីវិតវិលត្រឡប់ចូលទៅជ្រកក្នុងអគារដែលរងការខូចខាតដោយសារការរញ្ជួយ ដី។
ភាគនិរតីនៃប្រទេសហៃទីគឺជាតំបន់ដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេបំផុតពីការរញ្ជួយដី ជាពិសេសនៅជុំវិញទីក្រុង ឡេខេ (Les Cayes)។
គួរកត់សម្គាល់ថា ការរញ្ជួយដីនេះបានបង្កជាបញ្ហាថែមទៀតដល់ប្រទេសប្រទេសក្រីក្រហៃទីដែលកំពុងរងគ្រោះស្រាប់ទៅហេីយពីវិបត្តិនយោបាយ បន្ទាប់ពីមានការធ្វើឃាតប្រធានាធិបតីរបស់ខ្លួនកាលពីខែមុន។
នាយករដ្ឋមន្រ្តីហៃទី លោក អេរៀល ហេនរី (Ariel Henry) ដែលកំពុងកាន់អំណាចបណ្ដោះអាសន្នទម្រាំមានការបោះឆ្នោតប្រធានាធិបតីថ្មី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ ហើយបានជំរុញឱ្យពលរដ្ឋ «សាមគ្គីភាពគ្នា» ក្នុងគ្រាលំបាកនេះ៕
អត្ថបទ នឹង រូបភាព Puthi News