ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាចំនួន០៣នាក់ ដែលសកម្មខាងកាច់ស្លាកលេខរថយន្តក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលខណ្ឌដូនពេញចាប់ខ្លួនបានហើយ និងដកហូតបានវត្ថុតាងស្លាកលេខរថយន្តមួយចំនួន និងម៉ូតូកង់បី១គ្រឿង ដែលជាមធ្យមបាយធ្វើដំណើរសម្រាប់ធ្វើសកម្មភាព កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច T៣ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លូនជនសង្ស័យទាំង០៣នាក់នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បីឥណ្ឌា (Pass App) ពណ៌លឿង ដែលជាមធ្យោបាយធ្វើដំណើរ ធ្វើសកម្មភាពលួចស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋ ចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋានខណ្ឌ។
ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញបានស្រាវជ្រាវបន្តរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាកូនចៅអ្នកទទួលផលចោរកម្ម នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦២ កែងផ្លូវលេខ ៥៩៨ មូលដ្ឋានសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ដើម្បីយកមកសាកសួរបន្តទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ត្រូវបាននគរបាលចាប់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ និងរូបភាពដោយ៖ Puthinews