30 C
Phnom Penh
Saturday, July 27, 2024

ចុះហត្ថលេខារបស់អនុប្រធានទី ២ រដ្ឋសភា លើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល UPF

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា និងជាប្រធានក្រុម ប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young-ho អគ្គនាយកស្នាក់ការកណ្តាល UPF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។


នៅក្នុងជំនួបនេះ លោកស្រី កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។


លោកស្រី បានរំលឹកនូវកិច្ចសហការ និងភាពជោគជ័យនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩ (APS-2019) កាលពីឆ្នាំ ២០១៩ នេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ លោកស្រី ក៏បានលើកឡើងនូវទឹកចិត្តដ៏សប្បុរស ធម៌របស់ UPF ដោយបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា នូវអង្ករចំនួន ១០០តោន និងថវិកាចំនួន ១០០,០០០ដុល្លាអាមេរិក តាម រយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី ។សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរ ជូនទៅ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ» (TYDA) ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងកូវីដ-១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជម្ងឺកូវីដ-១៩ ចំនួន ៥១ កន្លែង កាលពីខែ ឧសភា កន្លងទៅ។
លោកស្រី បានបន្តថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជា គំនិតផ្តួចផ្តើមនានាដែលកំពុងចាប់ផ្តើមដំណើរការ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការកសាង ការថែ រក្សា និងការលើកកម្ពស់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។


ជាមួយគ្នានេះផងដែរ លោកស្រី បានសម្តែងនូវក្តីរំភើបរីករាយនិងមោទនភាពយ៉ាងក្រៃលែង ចំពោះ កម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្ប ធម៌អាស៊ី ACC ដោយទទួលបាននូវសេចក្តីទុក ចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ ដឹក នាំអង្គការ UPF ឱ្យទទួលភារកិច្ចជា “លេខាធិការដ្ឋានស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច” កាលពីខែ កញ្ញា កន្លងទៅថ្មីៗនេះ។
លោកស្រី ក៏បានសង្កត់ធ្ងន់នូវតំលៃនៃសន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព នយោបាយ ពេញ លេញ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលទាំងនេះ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹងមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។


ក្នុងជំនួបនេះផងដែរ លោកបណ្ឌិត Yun Young -ho បានសម្តែងនូវចំណាប់អារម្មណ៍ត្រេកអរយ៉ាងខ្លាំងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាជួបជាមួយលោក ជំទាវ នាពេលនេះផ្ទាល់។
ពិសេសជាងនេះទៅ ទៀត លោកបានសម្តែងនូវសេចក្តីពេញចិត្តឥតឧបមា ក្នុងឱកាសដែលលោកទទួលបាននូវមេដាយ សហមេត្រី ថ្នាក់មហាសេនា ដែលពិតជាមហាកិត្តិយសដ៏ធំធេង ប្រកបដោយគុណតំលៃខ្ពស់មិនអាចកាត់ថ្លៃបាន។
លោកបានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសភា។


លោកបានបញ្ជាក់បន្ថែមថា ជំនួបសម្តែងការគួរសមនាពេលនេះពិតជាប្រវត្តិសាស្រ្តមួយ ដែលមិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់អាស៊ីប៉ាស៊ីហ្វិច និងពិភពលោកទាំងមូល ដែលជាដំណើរឆ្ពោះទៅកាន់ពិភពលោក សុខសន្តិភាព ។
លោកបណ្ឌិតបានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការប្តេជ្ញាចិត្តធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋា ភិបាលកម្ពុជា សភាកម្ពុជា និងអង្គការ UPF អោយកាន់តែជោគជ័យ និងល្អប្រសើរ ។
បន្ទាប់ពីជំនួបសម្តែងការគួរសម ក៏មានពិធីចុះហត្ថុលេខាលើពិធីសារសំខាន់ៗចំនួន ២ ក្នុងនោះមាន៖
១-ពិធីសារស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) នឹងសហ ការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សារនិងការអភិវឌ្ឍ នៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ។


២-ពិធីសារនៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដេលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img