28 C
Phnom Penh
Friday, November 29, 2024

ចិនកាត់បន្ថយអត្រាគោលនយោបាយដើម្បីគាំទ្រសេដ្ឋកិច្ចធ្វើអោយប្រេងនឹងកាន់តែឡើងថ្លៃ

 តម្លៃប្រេងបានកើនឡើងខ្ពស់នៅថ្ងៃទី១៥ខែសីហាខណៈដែលប្រទេសចិនកាត់បន្ថយអត្រាគោលនយោបាយសំខាន់ៗជាលើកទីពីរដោយមិននឹកស្មានដល់ក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ គឺដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

តែទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចចិនក៏ប្រឈមនឹងភាពយឺតយ៉ាវណាស់ដែរ។ប្រេងឆៅ Brent នាពេលអនាគតនឹងកើនឡើង ១១ សេន ឬ ០.១ភាគរយ ដែលធ្វើឱ្យតម្លៃការជួញដូរហក់ឡើងដល់ ៨៦,៣២ដុល្លារក្នុងមួយបារ៉ែល។ ជាមួយគ្នានេះ ប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏បានកើនឡើង ៧ សេនផងដែរ ០.១ភាគរយ កើនដល់ ៨២, ៥៧ ដុល្លារក្នុងមួយបារ៉ែល។

ការកើនតម្លៃបែបនេះ បន្ទាប់ពីធនាគារប្រជាជនចិន (PBOC) បានទម្លាក់អត្រាការប្រាក់ពី ២,៦៥ ភាគរយ ទៅ ២,៥០ភាគរយលើទឹកប្រាក់ចំនួន ៤០១ ពាន់លានយន់ (៥៥, ២៥ ពាន់លានដុល្លារ) ដែលមាន តម្លៃស្មើនឹងប្រាក់កម្ចីរយៈកន្លះឆ្នាំ (MLF) ដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនដោយផ្អែកលើមូលដ្ឋាន មួយចំនួន។

ធនាគារប្រជាជនចិន (PBOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតថា ការចាក់សាច់ប្រាក់នេះគឺដើម្បីប្រឆាំងនឹងកត្តាជាច្រើនរួមទាំងការបង់ពន្ធដើម្បី រក្សាសាច់ប្រាក់នៃប្រព័ន្ធធនាគារឱ្យបានគ្រប់គ្រាន់។

ទិន្នន័យនៃទិន្នផលឧស្សាហកម្ម និងការលក់រាយរបស់ប្រទេសចិន បានបង្ហាញឱ្យឃើញថាសេដ្ឋកិច្ចចិនបានធ្លាក់ចុះបន្ថែមទៀតកាលពីខែមុន ដោយបង្កើនសម្ពាធលើសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរួចហើយ និងជំរុញឱ្យអាជ្ញាធរកាត់បន្ថយអត្រាគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

ទោះបីជាទិន្នន័យម៉ាក្រូសេដ្ឋកិច្ចចុះខ្សោយក៏ពិតមែន តែវិស័យប្រេងរបស់ប្រទេសចិនមានភាពរឹងមាំ។ ទិន្នផលរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសចិនក្នុងខែកក្កដាបានកើនឡើង ១៧,៤ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនចម្រាញ់បានរក្សាទិន្នផលឱ្យកើនឡើង ដើម្បីឆ្លើយតបនឹងតម្រូវការសម្រាប់ការធ្វើដំណើរនារដូវក្ដៅ និងទទួលបានប្រាក់ចំណេញខ្ពស់ផងដែរសម្រាប់ការនាំចេញប្រេងឥន្ធនៈ។

ជាមួយគ្នានេះ ទិន្នផលប្រេង និងឧស្ម័នធម្មជាតិ របស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថានឹងធ្លាក់ចុះនៅក្នុងខែកញ្ញា ពោលគឺជាខែទី២ ជាប់ៗគ្នា ដល់កម្រិតទាបបំផុតចាប់តាំងពីខែឧសភា។ នេះបើតាមទិន្នន័យរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានបង្ហាញកាលពីថ្ងៃចន្ទ។

ទិន្នផលប្រេងរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ អាចធ្វើឱ្យការរឹតបន្តឹងនៃការផ្គត់ផ្គង់ប្រេងពិភពលោកកាន់តែខ្លាំងឡើង ខណៈសម្ព័ន្ធមិត្តដែលគេស្គាល់ថាជា OPEC+ កំពុងកាត់បន្ថយផលិតកម្មប្រេង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img