សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ថវិកាចំនួន១០លានរៀល ជូនគ្រួសារដែលកូនស្រីចំនួន២នាក់បានស្លាប់ដោយសារលង់ទឹកទន្លេមេគង្គ។ ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីចម្ងាយ មកដល់គ្រួសាររងគ្រោះ និងបានដាសតឿនបន្ថែមឱ្យថែរក្សាសុខភាពឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រឹងប្រែងធ្វើការងារបង្កបង្កើនផលដើម្បីបានស្បៀងសម្រាប់ចិញ្ចឹមគ្រួសារ។


សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ទៀតថា៖ ថវិកានេះបានជួយសម្រួលសម្រាប់ការធ្វើបុណ្យទានផង និងសម្រួលភាពលំបាកក្នុងការដោះស្រាយជីវភាពរស់នៅទៅតាមតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


អ្នកស្រីអ៊ុ អ៊ៀង អាយុ៣៨ឆ្នាំ ត្រូវជាម្តាយ កូនស្លាប់បានសម្តែងការដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ថវិកាជួនដល់ដៃតាមរយៈក្រុមការងារថ្នាក់ខេត្ត មកដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកដោយឥតរើសអើង។


គួរំឭកថា៖ គ្រោះថ្នាក់កូនលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង១១.៣០នាទីព្រឹក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកេងកក កំពុងទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងក្នុងពេលចុះទឹកទៅរាវខ្ចៅ។


សូមបញ្ជាក់ថា៖ ជាមួយ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សាខាកាកបាទក្រហមខេត្ត និងសម្បុរសជននានាក្នុងខេត្ត ក៏បាននាំយកគ្រឿង បរិភោគឧបភោគ សម្ភារៈ និង ថវិកាជិត២លានរៀលចូលពិធីបុណ្យ ហើយនៅល្ងាចថ្ងៃទី២២ ខែឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភចំនួន១០លានរៀលបន្ថែមទៀត។












ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News