30 C
Phnom Penh
Saturday, July 27, 2024

ចាប់ផ្ដើមធ្វើការជួសជុលផ្លូវជូនប្រជាពលរដ្ឋបន្ទាប់ពីរងនូវការវាយប្រហារពីជំនន់ទឹកស្ទឹងសង្ក

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ផ្លូវលំជនបទជាប្រភេទក្រាលគ្រួសក្រហមមួយខ្សែប្រវែងជាង៦គ.ម ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង ធ្វើការជួសជុលជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាបន្ទាន់ បន្ទាប់ពីបានរងនូវការវាយប្រហារដោយសារជំនន់ទឹកស្ទឹងសង្កែ នៃខេត្តបាត់ដំបង កាលពីពេលកន្លងមកថ្មីៗនេះ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោកព្រួញ រិទ្ធថា បានឲ្យដឹងថា កំណាត់ផ្លូវនេះមានប្រវែង៦,៥០គ.ម បានរងការខូចខាត ដោយជំនន់ទឹកស្ទឹងសង្កែ ហូរច្រោះដាច់ផ្លូវជាច្រើនកន្លែង និងធ្វើឲ្យខូចផ្លូវធ្ងន់ធ្ងរប្រវែងជាង២គ.ម ត្រូវបានមន្ទីរសាធារណការខេត្តធ្វើការជួសជុលឡើងវិញនិងបានរៀបចំដាក់លូជាថ្មីត្រង់ចំណុចទឹកហូរកាត់ខ្លាំង ១កន្លែងស្ថិតក្នុងភូមិរាជដូនកែវ និងមួយកន្លែងទៀត ស្ថិតក្នុងភូមិអន្សងសក ដើម្បីជួយសម្រួលដល់ការធ្វើចរាចរទៅមករបស់ប្រជាពលរដ្ឋបានធ្វើដំណើរប្រក្រតីឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិកាជួសជុលបន្ទាន់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ។

បន្ទាប់មក លោក សុខ លូ និងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកឯកភ្នំ បានចុះទៅពិនិត្យមើលសមិទ្ធផលជាប្រវត្តិសាស្រ្តនៃសំណង់ទំនប់ស្ទាក់ទឹកសាលាតាអន ឆ្លងកាត់ដងស្ទឹងសង្កែមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម បានទម្លាក់កញ្ចប់ថវិកា ជាង៤០លានដុល្លា ដើម្បីស្ថាបនាសំណង់ស្ទាក់ទឹកដ៏ធំនេះឡើង សម្រាប់បម្រើដល់ពហុវិស័យជូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹកប្រើប្រាស់ ដែលបច្ចុប្បន្ននេះកិច្ចដំណើរការនៃការសាងសង់សម្រេចបានជិត១០០% ហើយ ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានបង្ហាញឲ្យយដឹងដែរថា ទំនប់ស្ទាក់ទឹកសាលាតាអន នេះបានផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃវិស័យសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈនៃសារៈប្រយោជន៍ចំនួន
៣សំខាន់ គឺ ទី១. ការរក្សានិងតម្កល់កម្ពស់ទឹកស្ទឹងសង្កែឲ្យជាប់ជាប្រចាំទាំងក្នុងរដូវប្រាំង និងរដូវវស្សាយ៉ាងហោច ណាស់ ក្នុងកម្រិតកម្ពស់ទឹកពី១០ទៅ ១៣ម៉ែត្រ មុននឹងវាហូរធ្លាក់ចុះទៅតំបន់បឹងទន្លេសាប, ទី២. បម្រើដល់ការផលិតទឹកស្អាតសម្រាប់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ក្នុងទីប្រជុំជនក្រុង និងស្រុកជិតខាងមួយចំនួនទៀត ជាពិសេសថែមទាំងធ្វើឲ្យទីក្រុងបាត់ដំបងកាន់តែមានភាពស្រស់ស្អាតនៃដងស្ទឹងសង្កែ អាចទាក់ទាញដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត និងទី៣.ទំនប់នេះនឹងផ្តល់នូវការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវនៅក្នុងរដូវវស្សាប្រមាណ១១ពាន់ហ.ត និងស្រូវប្រាំងជាង៤ពាន់ហ.ត ផងដែរ ។

លោក សុខ លូ បានសម្ដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវសមិទ្ធផលធំៗជាច្រើនដល់ខេត្តបាត់ដំបង ក្នុងការលើកកម្ពស់ដល់សេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ក៏ដូចសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img