30 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនបណ្ដាញលួចដឹកជញ្ជូនពលករខុសច្បាប់ដែលជាជនជាតិខ្មែរក្នុងទឹកដីថៃ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ កម្លាំងស្រាវជ្រាវរបស់ស្នងការនគបាលខេត្តស្រះកែវ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគបាលស្រុកអារញ្ញ និងអង្គភាពពាក់ព័ន្ធ បានចាប់ខ្លួនបណ្ដាញលួចដឹកជញ្ជូនពលករខុសច្បាប់ដែលជាជនជាតិខ្មែរ លួចចូលក្នុងប្រទេសថៃខុសច្បាប់សរុបចំនួន ៦០នាក់ ក្នុងនោះមានមេខ្យល់ជនជាតិថៃចំនួន ៦នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីប្រចាំការកម្ពុជានៅតាមបន្ទាត់ព្រំដែន។

ក្នុងរបាយការណ៍បានឱ្យដឹងថា ពួកគេទាំង៦០នាក់នោះ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ១១:១៥នាទី ថ្ងៃទី២០តុលា ឆ្នាំ២០២១ ក្នុងនោះមានពលករខ្មែរចំនួន ៥៤នាក់(ស្រី១៨នាក់) និងក្មេងចំនួន ៧នាក់ នៅបរិវេណថ្នល់បាយផាសអារញ្ញ ឆ្ពោះទៅទីរួមខេត្តស្រះកែវ ក្នុងឃុំបានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ។ ពួកគេក្រោយចាប់ខ្លួនត្រូវបញ្ជូនខ្លួនទៅសួរនាំបន្ថែម និងធ្វើកំណត់ហេតុចាប់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកអារញ្ញ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចថៃ បានបញ្ជាក់ថា ជំហានដំបូងសម្រាប់ពលករខ្មែរ បានប្រាប់សមត្ថកិច្ចថា ពួកគេបានចំណាយលុយឱ្យជនជាតិខ្មែរចាត់ការឱ្យក្នុងម្នាក់ ១,០០០បាត មិនរួមបញ្ចូលថ្លៃធ្វើដំណើរផ្សេងៗនៅខាងថៃទេ។ ពលករខ្មែរបានប្រាប់សមត្ថកិច្ចថៃថា ពួកគេប្រើវិធីដើរថ្មើរជើងពីខាងកម្ពុជា តាំងពីម៉ោងប្រមាណ ២៣យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីឆ្លងដែនតាមច្រករបៀងទៅឯប្រទេសថៃ ដើម្បីមករង់ចាំរថយន្តចូលមកទទួល និងដឹកទៅ តែត្រូវសមត្ថកិច្ចចាប់បានមុន ដោយពួកគេមានបំណងទៅធ្វើការសំណង់នៅក្រុងបាងកក។ ពលករខ្មែរភាគច្រើនបានអះអាងថា ពួកគេបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចហើយ ព្រមទាំងយកឯកសារចាក់វ៉ាក់សាំង លើកបង្ហាញសមត្ថកិច្ចថៃទៀតផង។

ទោះយ៉ាងនេះក៏ដោយ ក្រោយពីសមត្ថកិច្ចថៃសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួនរួចរាល់ ក៏បានបញ្ជូនទៅឱ្យជំនាញស្រុកអារញ្ញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img