30 C
Phnom Penh
Saturday, July 27, 2024

ចរន្តទឹកហូរចូលអាងស្តុកហក់ឡើងខ្ពស់ វារីអគ្គិសនីកំចាយ ខេត្តកំពត សម្រេចបើកទ្វាររំដោះទឹក

ភ្នំពេញ៖ មន្ត្រីជំនាញ និងក្រុមហ៊ុនស៊ីណូហាយដ្រូ កំចាយ ខេត្តកំពត បានឱ្យដឹងថា មកដល់ពេលនេះ វារីអក្គិសនីកំចាយ នៅតែបន្តបើកទ្វារទឹកមួយដដែល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើការរំដោះទឹកចេញ ដោយសារកម្ពស់ទឹកនៅក្នុងអាងស្តុកមិនទាន់ដល់កម្រិតត្រូវបើកក៏ពិតមែន។ ទោះជាយ៉ាងនេះក៏ដោយ បានសង្កេតឃើញចរន្តលំហូរទឹកចូលអាងស្តុកពីតំបន់ខាងលើនៃជួរភ្នំកំចាយ មានការហក់ឡើងជាងម្សិលមិញ។

លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ទឹកជំនន់ និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីករលក់ដូរ និងផ្តល់សេវាទេសចរណ៍នៅតំបន់អមតាមបណ្តោយមាត់ព្រែកកំចាយ និងព្រែកកំពត ដែលជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ដ៏សំខាន់នោះ មន្ត្រីជំនាញ និងក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានសម្រេចបើកទ្វាររំដោះទឹកចំនួនមួយ ដែលមានកម្ពស់ ២ម៉ែត្រ ចេញពីអាងស្តុកទឹក តាមលក្ខណៈបច្ចេកទេស នៅថ្ងៃទី១១ ខែតុលា វេលាម៉ោង ១១ព្រឹក។ មកដល់ពេលនេះទ្វាររំដោះទឹកនៅតែបន្តបើកមួយដដែល ដោយសារថ្ងៃនេះ ចរន្តលំហូរទឹកចូលអាងស្តុកនៅមានការកើនឡើងបន្តិច ប្រមាណ៣៦០ម៉ែត្រគូប ក្នុងមួយវិនាទី ខណៈដែលការបើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រនោះ អាចបង្ហូរទឹកចេញបានប្រមាណ២៧៣ម៉ែត្រគូប ក្នុងមួយវិនាទី។ កម្ពស់ទឹកអាងស្តុកថ្ងៃនេះ ស្មើនឹង១៤៨.៥០ម៉ែត្រ ហើយក្រុមហ៊ុនបន្តផលិតថាមពលអគ្គិសនីបាន១៧៨មេហ្គាវ៉ាត់។

តំណាងក្រុមហ៊ុនស៊ីណូហាយដ្រូ កំចាយ បានឱ្យដឹងដែរថា ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកក្នុងអាង ស្ថិតនៅក្នុងកម្រិតមួយធម្មតានៅឡើយទេ។ ជាធម្មតាកម្ពស់ទឹកក្នុងអាងស្តុកចាប់ពី១៤៩ឡើង ទើបក្រុមហ៊ុនចាប់ផ្តើមបើកទ្វារបង្ហូរទឹក ប៉ុន្តែដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ទឹកជំនន់ និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីវកររស់នៅ និងប្រកបរបរលក់ដូរ និងផ្តល់សេវាទេសចរណ៍សងខាងបណ្តោយព្រែកកំចាយ រហូតដល់ព្រែកកំពត ទើបក្រុមហ៊ុនបានសម្រេចចិត្តបើកទ្វាររំដោះទឹកមុនដល់កម្រិតកម្ពស់ទឹកត្រូវបើក។

ការបើកទ្វាររំដោះទឹក១នេះ ស្ថិតក្នុងកម្រិតធម្មតា នឹងមិនបង្កឱ្យមានផលប៉ះពាល់អ្វីនោះទេ។ មកដល់ពេលនេះក្រុមហ៊ុននៅតែបន្តបើកទ្វាររំដោះទឹក ដោយសារតំបន់ខាងលើនៃជួរភ្នំកំចាយ នៅមានភ្លៀងធ្លាក់ ធ្វើឱ្យលំហូរទឹកចូលអាងស្តុកកើនឡើង។ ម្យ៉ាងទៀតដោយសារប៉ុន្មានថ្ងៃខាងមុខនេះ ខេត្តកំពតក៏ដូចជាប្រទេសកម្ពុជាអាចនឹងទទួលរងឥទ្ធិពលកូនព្យុះមួយបន្ថែមទៀត ក្នុងសប្តាហ៍នេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img