25 C
Phnom Penh
Tuesday, February 7, 2023

ចក្រភពអង់គ្លេស កំពុងពិចារណាបញ្ជូនរថក្រោះប្រយុទ្ធ ឱ្យអ៊ុយក្រែន

(ឡុងដ៍)៖ សារព័ត៌មាន Sky News បានរាយការណ៍ថាចក្រភពអង់គ្លេស កំពុងពិចារណាផ្ដល់រថក្រោះប្រយុទ្ធជាច្រើនគ្រឿង ឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់នៅក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងប្រកាសផ្ដល់រថក្រោះធុនតូចដល់ទីក្រុងកៀវ។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីលោកខាងលិចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Sky News បានឱ្យដឹងទៀតថា កិច្ចពិភាក្សាពីផែនការ ផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន កើតមានឡើងកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ហើយរថក្រោះដែលកំពុងស្ថិតក្នុងការពិចារណា គឺជាប្រភេទរថក្រោះប្រយុទ្ធ Challenger 2។

ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន ជានិមិត្តរូបដ៏សំខាន់មួយដែលបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។ ប៉ុន្តែបើតាម Sky News រដ្ឋាភិបាលចក្រភពអង់គ្លេសមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយ លើការផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែននៅឡើយទេ ខណៈទីក្រុងឡុងដ៍ត្រូវបានគេរំពឹងថា អាចនឹងផ្ដល់រថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១០គ្រឿងឱ្យទីក្រុងកៀវ ក្នុងករណីមានការសម្រេចចិត្តជាផ្លូវការ។

គួរបញ្ជាក់ថា Challenger 2 គឺជារថក្រោះប្រយុទ្ធដែលមានសមត្ថភាពកម្ទេចរថក្រោះ និងត្រូវបានដាក់ឱ្យកងទ័ពអង់គ្លេសប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៤មក។ រថក្រោះប្រយុទ្ធនេះក៏ធ្លាប់ធ្វើប្រតិបត្តិការនៅក្នុងសង្រ្គាមនៅបូស្នី កូសូវ៉ូ និងអ៉ីរ៉ាក់ផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img