26 C
Phnom Penh
Saturday, July 27, 2024

ឃុំខ្លួនស្ត្រីមេតុងទីនម្នាក់ បណ្តោះអាសន្ន ករណីឆបោក និងចាយសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីជាមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃស(ម២)ជាបណ្តោះអាសន្ន បន្ទាប់ពី តំណាងអយ្យការ បានធ្វើការចោទប្រកាន់លើពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន (ចេញសែកស្អុយ) និងឆបោកដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក។

ការសម្រេចឃុំខ្កួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់នេះ កាលពីរសៀលថ្ងៃទី២១ ខែមករា និងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ (ចាយសែកស្អុយ)រាប់សិបម៉ឺនដុល្លារអាមេរិក។

ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ការចាប់ខ្លួនមេតុងទីនខាងលើ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹង ជាការធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិគឺលោកស្រី នួន មករា។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា សុំប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)(ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧ ១៦០ ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឱ្យបានគ្រប់ចំនួនបន្ថែមទៀត។ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ ក្នុងមូលប្បទានប័ត្រខាងលើនៅធនាគារ (ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង ។

ពាក្យបណ្តឹងបានបញ្ជាក់ទៀតថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២ លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ពន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បន្តបន្ទាប់ទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img