30 C
Phnom Penh
Saturday, July 27, 2024

ឃាត់រថយន្តដឹកកូនក្រឡឹងជាថ្នូរដោះលែង៦០ម៉ឺនរៀលស្នងការនគរបាលខេត្តកំពង់ធំបើកការស្រាវជ្រាវ

កំពង់ធំ៖ មានករណីចាប់ឃាត់រថយន្តសាំយ៉ុងដឹកកូនក្រឡឹងកែច្នៃ ពាក់ស្លាកលេខ ភ្នំពេញ 2H-6945 ដោយកម្លាំងអាវុធងហត្ថស្រុកប្រាសាទបល្ល័ង្កម្នាក់ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ និងកម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្កម្នាក់ ព្រមទាំងបានធ្វើសកម្មភាព ជំរិតទារប្រាក់ចំនួន៦០ម៉ឺនរៀល ជាថ្នូរនឹងការដោះលែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។


ទាក់ទិននឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានថ្លែងប្រាប់ Puthinews តាមទូរស័ព្ទនៅថ្ងៃទី២៣ ខែតុលា នេះថា ករណីខាងលើនេះលោកពុំទាន់បានទទួលព័ត៌មាននៅឡើយទេ។ ប៉ុន្ដែទោះជាយ៉ាងណារូបលោកបញ្ជាឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់។
ទន្ទឹមនឹងនោះដែរលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងប្រាប់Puthinews តាមទូរស័ព្ទនាថ្ងៃទី២៣ ខែតុលា នេះដែរថា រូបលោកក៏មិនដឹងដែរ បើមានករណីខាងលើនេះនឹងធ្វើការស្រាវជា្រវបន្ថែមទៀត និងកោះហៅជនខាងលើនេះមកសួរនាំភ្លាមៗ មិនទុកយូរឡើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចមួយក្រុមមានគ្នាចំនួន ៣នាក់ បានស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើប្រភេទជាកូនក្រឡឹងចំនួន ១២គ្រាប់ រួចហើយជំរិតទារប្រាក់ចំនួន ៦០ ម៉ឺនរៀល ហើយម្ចាស់រថយន្តសាំយ៉ុង ឈ្មោះ តុលា រស់នៅភូមិតាសែង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។


ជនសង្ស័យដែលបានប្រព្រឹត្តខុសវិន័យកម្លាំង ទី១ ឈ្មោះ វង់ សាវឿន មេបញ្ជាការរងអាវុធហត្ថ ស្រុកប្រាសាទបល័្លង្ក, ទី២ ឈ្មោះ ធឿន សុធា ជានគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក និងទី៣ ឈ្មោះ អ៊ុ ម៉ៅ ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ។


ប្រភពព័ត៌មានដដែលបានបន្ដថា នៅពេលដែលក្រុមជនសង្ស័យធ្វើសកម្មភាពឃាត់ចាប់រថយន្តដឹកកូនក្រឡឹងចំនួន ១២ គ្រាប់ ម្ចាស់ឡានពុំមានថវិកាប្រគល់ទៅបុគ្គលទាំង៣រូបខាងលើនេះ ក៏ប៉ុន្ដែមានទូរស័ព្ទ ខណៈពេលនោះ ប៉ូលិសសេដ្ឋកិច្ចដែលមានឈ្មោះ អ៊ុ ម៉ៅ បានដឹកម្ចាស់រថយន្តដើម្បីយកទូរស័ព្ទទៅបញ្ចាំនៅកែងភូមិក្រយា ទើបបានប្រាក់ប្រគល់ជូនជនសង្ស័យចំនួន៦០ ម៉ឺនរៀលជាថ្នូរនឹងការដោះលែង។
ដោយឡែក ចំពោះ អ្នកដែលបានប្រព្រឹត្តខុសវិន័យកម្លាំងខាងលើនេះ ក្រុមការងារPuthinews ព្យាយាមទាក់ទងតែមិនបានសម្រេច៕


អត្ថបទ នឹង រូបភាព Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img