ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ក្នុងកាអនុវត្តវិធានការច្បាប់មានចំនួន ៧២ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៣៦នាក់ ឃាត់យានយន្ត (រថយន្ត ៩គ្រឿង និងម៉ូតូ ២៨គ្រឿង) ពិន័យជាប្រាក់ចំនួន ៣,០០០,០០០រៀល និងវិធានការអប់រំផ្សព្វផ្សាយចំនួន ៥៥៦ទីតាំង អប់រំតាមគោលដៅចរាចរផ្លូវគោកចំនួន ៣១៩នាក់ (យានយន្ត២២១គ្រឿង) នៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា នាពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ន ចំពោះ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥នាក់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាកជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ និងការជួបជុំផ្សេងៗទៀត ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ និងរូបភាពដោយ Puthinews