ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅរសៀលទី១៨ ខែមករា ឆ្នាំ២០២២ បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះ ឆ្នោតចំនួន ៥រូប ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បណ្ដឹងតវ៉ានេះ មានដើមបណ្ដឹងឈ្មោះ៖ ដួង វិចិត្រ ភេទប្រុស កើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៥៥។ អ៊ុន សុគន្ធី ភេទស្រី កើតថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៥៥។ ដួង ចិន្ដាមុនី ភេទស្រី កើតថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៦។ ដួង វិរៈ ភេទ ប្រុស កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៨៨។ ដួង វិសាល ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៤។
ប្រជាពលរដ្ឋចំនួន៥ រូបនេះ បានប្ដឹងតវ៉ាទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដែលបានសម្រេចលុបឈ្មោះរបស់ពួកគាត់ចេញពីបញ្ជីបោះឆ្នោត។


យោងតាមមាត្រា ៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋទាំង៥ រូបខាងលើ ពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតនោះទេ។
យោងតាមមាត្រា ៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឈ្មោះប្រជាពលរដ្ឋទាំង ៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នក បោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញ ពីសង្កាត់ផ្សារចាស់ ទៅសង្កាត់ស្ទឹងមានជ័យទី១។


តាមប្បញ្ញត្តិដូចចែងក្នុងមាត្រាទាំង២ខាងលើ គ.ជ.ប សម្រេចតម្កល់សេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ទុកជាបានការពេញទាំងមូល។
ចំពោះអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប អ្នកប្ដឹង ឬតំណាងអាចប្ដឹងតវ៉ា ឬប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទម្រង់បែបបទ ១២០៣)៕












អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews