32 C
Phnom Penh
Sunday, December 8, 2024

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សប្រុសស្រី០៣នាក់ស្លាប់ និង០៣នាក់ របួសធ្ងន់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន០៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាៗ និងមនុស្សប្រុសស្រីចំនួន០៣នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីរថយន្តបុករះកាលពីវេលាម៉ោង ១០:១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ាប្រមាណ៥០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពី លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

លោក សាន សុខសីហា បានបញ្ជាក់ថា ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ហើយមិនទាន់មានរបាយការណ៍ពីការស្លាប់បន្ថែមនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី១៧។ ចំណែកសាកសពជនរងគ្រោះទាំង០៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន ៣នាក់ទៀត ក៏មិនកំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយដែរ។ ករណី នេះក្នុងរថយន្តបង្ក មានបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតជាអ្នកបើករថយន្តធុនត្រា ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ហើយនឹងត្រូវបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

សូមបញ្ជាក់ថា យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតជាអ្នកបើកបររថយន្ដ ធុនត្រាពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជើង បានប៉ះម៉ូតូមួយគ្រឿងរងការខូចខាតតិចតួច តែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់កន្លែងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកខាងស្ដាំដៃ ឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូរទេះលក់សាច់គោដុត និងផ្ទះប្រជាពលរដ្ឋ ក៏ដូចជាស្លាកសញ្ញាចរាចរណ៍បណ្ដាលឱ្យដួល និងបែកបាក់រាយប៉ាយពេញផ្លូវ និងសម្ភារៈមួយចំនួនទៀត រងការខូចខាត និងបណ្ដាលឱ្យមនុស្សប្រុស ស្រីចំនួន០៣នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកប្រុស ស្រី០៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ចំណុចទីតាំងកើតហេតុ។ ចំណែករថយន្ត និងជនបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញវាស់វែងរួច យកទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចទំ នាក់ទំនងរកសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img