ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ អង្គការ BirdLife បានឱ្យដឹងថា រហូតមកដល់ពេលនេះ របបទឹកនៅមិនទាន់គ្រប់គ្រាន់ទេ សម្រាប់អាងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបូរីជលសារ និងកោះអណ្តែត ខេត្តតាកែវ ខុសពីឆ្នាំកន្លងទៅដែលគិតត្រឹមខែតុលានេះមានកម្ពស់៣ម៉ែត្រ តែឆ្នាំ២០២១នេះ ទឹកទើបហក់ឡើងបាន១ម៉ែត្រនៅឡើយ ដែលជាក្ដីបារម្មណ៍ចំពោះតំបន់ដីសើមមួយនេះ។
បើស្ថិតក្នុងស្ថានភាពកម្ពស់ទឹកហក់ឡើងទាបពេក នោះការរក្សារទឹកទុកសម្រាប់សត្វក្រៀលនិងសត្វស្លាបផ្សេងទៀត រកចំណីនៅរដូវប្រាំងនឹងជួបហានិភ័យ ដោយសារតំបន់ទាំងមូលនឹងឆាប់ស្ងួតហួតហែង ធ្វើឱ្យសត្វក្រៀលឆាប់ផ្លាស់ទីចេញ ពីតំបន់ទេសភាពបឹងព្រែកល្ពៅនេះ។ ផលអវិជ្ជមានមួយទៀត នៅពេលដែលកម្រិតទឹកជំនន់ទាប និងរយៈពេលជន់លិចខ្លី ក៏បណ្ដាលឱ្យជះឥទ្ធិពលដល់ការគ្រប់គ្រងរុក្ខជាតិទន្រ្ទានផងដែរ គឺបន្លារអ៊ួយ៉ាស់។ កាលណាទឹកជំនន់តិច រយៈពេលជន់លិចខ្លី នោះដើមរុក្ខជាតិនេះ នឹងមានអត្រាដុះឡើងវិញខ្ពស់ បន្ទាប់ពីទឹកស្រកទៅ (ទឹកជាកត្តាចម្បងដែលត្រូវបានប្រើប្រាស់ ដើម្បីគ្រប់គ្រងការដុះដាលនៃរុក្ខជាតិចង្រៃនេះ ដោយកាប់ដើមពន្លិចទឹក)។ ប៉ុន្តែក្រុមអ្នកអភិរក្សសង្ឃឹមថា ទឹកនឹងនៅតែបន្តឡើង ព្រោះកម្ពស់ទឹកនៅទីនោះមានការកើនឡើងប្រមាណជា២សង់ទីម៉ែត្រក្នុងមួយថ្ងៃ។
សូមរំឭកថា គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវជាសេនាធិការ) អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT៕
អត្ថបទ និងរូបភាពដោយ៖ Puthinews