26 C
Phnom Penh
Saturday, July 27, 2024

គម្រោងវិនិយោគវារីអគ្គិសនីថ្មីមួយ មានទុនជិត ៤០០លានដុល្លារ នៅខេត្តកោះកុង ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី របស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD នៅខេត្តកោះកុង។

យោងតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ក្រុមហ៊ុនដែលទើបទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ នឹងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង។

ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៣៨៩លានដុល្លារ នឹងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែងផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញទៅលើការវិនិយោគទៅលើវិស័យថាមពល ដែលដើរតួនាទីដ៏សំខាន់ក្នុងការសម្រួលដល់ការរស់នៅរបស់ប្រជាជន និងតម្រូវការអភិវឌ្ឍលើគ្រប់វិស័យ។ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជន វិនិយោគ និងសេដ្ឋកិច្ច ការវិនិយោគបន្ថែមទៅលើវិស័យថាមពលគឺកត្តាដ៏ចាំបាច់របស់កម្ពុជា ដែលក្នុងរួមទាំងគម្រោងវិនិយោគវារីអគ្គិសនីផងដែរ។

យោងតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២០ ការផលិតថាមពលក្នុងស្រុកពីប្រភពផ្សេងៗមានចំនួនសរុប ២៧១៣មេហ្គាវ៉ាត់ ក្នុងនោះថាមពលពីប្រេងខ្មៅ មាន ២០រោងចក្រ ចំនួន ២៣៦មេហ្គាវ៉ាត់, ថាមពលពីជីវម៉ាស់ ចំនួន ១១១មេហ្គាវ៉ាត់, ពន្លឺព្រះអាទិត្យ ១០កន្លែង មានចំនួន ៣៥០មេហ្គាវ៉ាត់, ធ្យូងថ្មី ៣កន្លែង ចំនួន ៦៧៥មេហ្គាវ៉ាត់ និងវារីគ្គិសនី ៩កន្លែង ចំនួន ១៣២៩មេហ្គាវ៉ាត់។

ក្រៅពីនេះ កម្ពុជា ក៏បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ សរុបចំនួន ១០២១មេហ្គាវ៉ាត់ផងដែរ កាលពីឆ្នាំ ២០២០កន្លងទៅនេះ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img