26 C
Phnom Penh
Saturday, July 27, 2024

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យនៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ តាមគោលការណ៍ទីក្រុងប៉ារីស នៅថ្ងៃទី២៨ ខែតុលានេះ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យនៃសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សតាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានាសម្រាប់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្សនៅកម្ពុជា។

សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹក នៅទីស្នាក់ការ គ.ស.ម.ក និងតាមរយៈប្រព័ន្ធវីដេអូ។ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Pauline Tamensis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ នឹងមានវត្តមានក្នុងពិធីបើកអង្គសិក្ខាសាលានេះ។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួនជាង៨០នាក់ មកពីគ្រប់ភាគី ដូចជា តំណាងស្ថាន ទូតនានាប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាង និងមន្ត្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពីនមន្ត្រី OHCHR និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីនៃ គ.ស.ម.ក។ ក្រៅពីនេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏អាចចូលរួមយកព័ត៌មានបានផងដែរ៕

អត្ថបទ និងរូបភាព Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img