ទីលានចាក់សំរាមថ្មី នៅខេត្តស្ទឹងត្រែងសាងសង់បាន៤០%ហើយ សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យផ្នែកបរិស្ថានមានភាពល្អប្រសើរឡើងនៅពេលខាងមុខ បន្ទាប់ពីខេត្តមានទីលានទុកដាក់សំរាមត្រឹមត្រូវតាមការគ្រោងទុក ព្រោះសមិទ្ធផលនេះត្រូវចំណាយថវិកាសាងសង់ជិត៥លានដូល្លារ។


ក្នុងឱកាសចុះពិនិត្យទីតាំងទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងកំពុងសាងសង់នៅក្នុងទឹកដីភូមិសាស្ត្រ ភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅថ្ងៃទី១៤កុម្ភៈ ឯកឧត្តមស្វាយ សំអ៊ាងអភិបាលខេត្ត មានប្រសាសន៍ថា៖ ខេត្តស្ទឹងត្រែងមានភ័ព្វសំណាងទទួលបានគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មីមួយទៀត គឺទីលានទុកដាក់សំរាម ដែលជាផ្នែកមួយធ្វើឱ្យបរិស្ថានមានភាពល្អប្រសើរ ដូចនេះថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាអនុវត្តការប្រើប្រាស់ តាមគម្រោងផែនការ និងមិនបង្កផលប៉ះពាល់ដល់ប្រភពទឹកនានា។


ឯកឧត្តមមានប្រសាសន៍ទៀតថា៖ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានឆ្លើយតប ទៅតាមកំណត់នោះ សូមឱ្យក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំណែកអ្នកម៉ៅការដឹកជញ្ជូនសំរាមក៏គិតអំពីផលប៉ះពាល់ តាមដងផ្លូវដែរ នៅពេលប្រមូលដឹកមក ចៀសវាងការជ្រុះរាយប៉ាយ ដែលជាបញ្ហាមួយបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ (អញ្ចឹងចំណុចនេះ ខ្ញុំគិតថា ក្នុងនាមអាជ្ញាធរ និងជំនាញ យើងនឹងធ្វើការ ណែនាំរឹតបន្តឹង ថែមទៀតចំពោះអ្នកម៉ៅការប្រមូល សំរាមទាំងឡាយនេះ ដើម្បីឲ្យកត់ទុកដាក់ដឹកជញ្ជូនយ៉ាងម៉េចឲ្យមានសុវត្ថិភាពជៀសវាងវាធ្លាក់រាយប៉ាតាមផ្លូវវាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឬបង្ករបញ្ហាផ្សេងៗទៅដល់សាធារណជន។


លោក ជា ហុកលេង អភិបាលរងក្រុងទទួលគ្រប់គ្រងផ្នែកបរិស្ថានបានទទួលស្គាល់ថា៖ ប្រការនេះកន្លងមកពិតជាកើតមានមែន ដោយសារក្រុមហ៊ុនប្រមួលសំរាមមិនបានយកចិត្តទុកដាក់ និងប្រើប្រាស់រថយន្តមិនត្រូវទៅតាមលក្ខណៈស្តង់ដានៃការដឹកជញ្ជូន។


លោកបន្តថា៖ចាប់ពីឆ្នាំ២០២២មកសាលាក្រុងបានរៀបចំដោះដូរក្រុមហ៊ុនប្រមូលសំរាមឱ្យក្រុមហ៊ុនថ្មីមកជំនួស ហើយបច្ចុប្បន្នកំពុងអនុវត្តបានល្អប្រសើរ ស្របពេលដែលសាលាក្រុងទទួលបានរថយន្តដឹកសំរាមថ្មី មានលក្ខណបច្ចេកទេសត្រឹមត្រូវតាមរយក្រសួងបរិស្ថានប្រគល់ឱ្យមក។


លោកឈិនឋានៈទីប្រឹក្សាបច្ចេកទេសសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖សំណង់ទីលាននេះបានស្ថាបនាឡើងនៅថ្ងៃទី០៨ មេសាឆ្នាំ២០២២ និងគ្រោងបញ្ជាប់ចុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រគល់ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ បើកដំណើរការឱ្យប្រើប្រាស់។


សូមបញ្ជាក់ថា៖ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងសាងសង់លើផ្ទៃដីជាង២០ហិកតានៅស្រុកថាឡាបរិវ៉ាត់ ដែលមានទីតាំងផ្ទុកសំរាមធំមួយទំហ៊ំជាង១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងអាងប្រព្រឹត្តិកម្មចំនួន៤ រួមនិងហេដ្ឋារចនា សម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលគម្រោងសាងសង់ត្រូវចំណាយថវិកាជិត៥លានដូល្លារ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News