29 C
Phnom Penh
Saturday, December 14, 2024

ខេត្តសៀមរាបនឹងក្លាយជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ថ្នាក់តំបន់ដែលមានវិសាលភាពលើខេត្តចំនួន៥ភាគខាងជើងបឹងទន្លេសាប។

ខេត្តទាំង៥ ដែលត្រូវបញ្ជូនអ្នកជំងឺធ្ងន់មកព្យាបាលនៅខេត្តសៀមរាប មានខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា លោក ម៉ម ប៊ុនហេង នៅក្នុងឱកាសដែលលោក អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងមន្ទីរពិសោធន៍ថ្មី នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ការយកខេត្តសៀមរាបធ្វើជាមណ្ឌលព្យាលបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់នេះ វាសមស្របបំផុត ដោយសារនៅខេត្តសៀមរាប មានមន្ទីរពិសោធន៍ថ្មី ដែលមានសមត្ថភាពអាចពិនិត្យសំណាកបានក្នុងមួយថ្ងៃជាង៩០០សំណាក និងឆាប់រហ័ស ដែលនេះជាការងាយស្រួលមួយក្នុងការព្យាបាលអ្នកជំងឺ  ។ លោកបន្តថា តាមការពិតទៅនៅតាមបណ្តាខេត្តនានា សុទ្ធសឹងតែមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលធ្ងន់។ ប៉ុន្តែការយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលនេះ ជាការត្រៀមបម្រុងក្នុងករណីខេត្តណាមួយអស់កន្លែងសម្រាប់ទទួលអ្នកជំងឺធ្ងន់ នោះគេនឹងបញ្ជូនមកកាន់ខេត្តសៀមរាប។ 

ទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ត្រូវបានរៀបចំឡើងនៅ បរិវេណមហោស្រពស្នាមញញឹមអង្គរ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ បើតាមលោក ម៉ម ប៊ុនហេង ទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន៤០០នាក់។

ចាប់តាំងពីមានព្រឹត្តការណ៍សហគមន៍២០កុម្ភៈ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧.០២៤នាក់ បានព្យាបាលជាសះស្បើយចំនួន៥.៥៥៩នាក់ ស្លាប់៧៥នាក់ និង១.៣៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img