30 C
Phnom Penh
Saturday, July 27, 2024

ខេត្តមណ្ឌលគិរី នៅតែមានភ្ញៀវទេសចរតិចតួច មកកម្សាន្ត ក្នុងបរិបទកូវីដ-១៩ មិនទាន់ធូរស្បើយ

មណ្ឌលគិរី៖ ការអូសបន្លាយរយៈពេលប្រមាណជាង១ឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជាបានរងនូវវិបត្តិកូវីដ-១៩ រួមមានទាំងខេត្តមណ្ឌលគិរីដែរនោះ ទោះជាយ៉ាងណាក្ដី ខេត្តនៃភាគឦសានមួយនេះ នៅតែត្រូវបានអ្នកទេសចរជ្រើសរើសជាកន្លែងលម្ហែនាចុងសប្ដាហ៍ ប៉ុន្តែមិនមានចំនួនច្រើនកុះករ ដូចពេលកន្លងទៅទេ។

សម្រាប់ដំណើរកម្សាន្តមកកាន់ខេត្តមណ្ឌលគិរី គឺមាននៅថ្ងៃចុងសប្ដាហ៍ ថ្ងៃសៅរ៍ ឬអាទិត្យ ប៉ុន្តែអ្នកទេសចរមិនបានប្រមូលផ្ដុំតាមតំបន់ទេសចរណ៍នានាទេ ដោយភាគច្រើនពួកគេលម្ហែនៅតាមរីសតដែលពួកគេស្នាក់នៅ និងជ្រើសយកតំបន់ដែលមានទេសភាពស្អាតៗ ដើម្បីអង្គុយលេងកម្សាន្តរៀងៗខ្លួន។ ជាមួយគ្នានេះ មានតំបន់វប្បធម៌ទេសចរណ៍មួយកន្លែង ដែលអ្នកទេសចរមិនសូវរំលង នោះគឺអាស្រមលោកតាភ្នំដោះក្រមុំ ទីតាំងនេះជាកន្លែងមនុស្សគ្រប់គ្នាមកអុជធូបបន់ស្រន់សុំសេចក្ដីសុខ និងគយគន់ទេសភាពពីលើកំពូលភ្នំនេះ។

លោក ថេន ឌីណាត ជាប្រជាការពារនៅគោលដៅភ្នំដោះក្រមុំបានឱ្យដឹងថា មួយរយៈពេលខ្លីចុងក្រោយនេះសង្កេតឃើញថា មានអ្នកទេសចរមកលេងភ្នំដោះក្រមុំច្រើនជាងមុន នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ អាចមានភ្ញៀវប្រហែល៥០ទៅ៦០ រថយន្តឡើងមកភ្នំដោះក្រមុំ តែនេះជាចំនួនប្រហែល៣០%ប៉ុណ្ណោះបើធៀបនឹងពេលមុន។ លោកថា ភ្ញៀវដែលមកកម្សាន្តឃើញថា ភាគច្រើនមានការប្រុងប្រយ័ត្នលើបញ្ហាកូវីដ-១៩ មានតែចំនួនតិចតួចប៉ុណ្ណោះដែលពុំមានពាក់ម៉ាស ហើយចំពោះអ្នកមិនពាក់ម៉ាស គឺកម្លាំងនៅយាមកាមនឹងជូនម៉ាសទៅពួកគាត់។ លោកក៏បានសំណូមពរអ្នកទេសចរដែលមកកម្សាន្តនៅភ្នំដោះក្រមុំ សូមអនុវត្តវិធានការអនាម័យទាំងអស់គ្នា តួយ៉ាងត្រូវមានម៉ាស និងអាកុលរៀងខ្លួន។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឱ្យដឹងថា ភ្ញៀវទេសចរមានការថយចុះច្រើន ប៉ុន្តែមិនអត់សោះនោះទេ ដោយនៅតែមានភ្ញៀវទេសចរតិចតួចមកកម្សាន្ត និងមានខ្លះទៀតជាអ្នកនៅរាជធានីភ្នំពេញ ដែលពួកគេបានទិញផ្ទះ និងដីធ្លីនៅខេត្តមណ្ឌលគិរី និងបានមកកម្សាន្តជាប្រចាំនៅឱកាសឈប់សម្រាក។ លោកបន្តថា ចំពោះរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តមណ្ឌលគិរី មិនបានបើកដំណើរការទេ អនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ប៉ុន្តែផ្ទះសំណាក់សណ្ឋាគារនៅបើកដំណើរការធម្មតា ហើយមន្ត្រីជំនាញក៏តែងចុះផ្សព្វផ្សាយជាញឹកញាប់ជូនប្រតិបត្តិករទេសចរ អំពីសេចក្ដីជូនដំណឹង ឬសេចក្ដីសម្រេចណាមួយ របស់ក្រសួង និងរាជរដ្ឋាភិបាល អំពីវិធានការទប់ស្កាត់កូវីដ១-៩៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img