30 C
Phnom Penh
Saturday, July 27, 2024

ខេត្តមណ្ឌលគិរីនៅតែជាជម្រើសសម្រាកលំហែរកាយរបស់អ្នកទេសចរក្នុងរដូវកាលភ្ជុំបិណ្ឌ

ស្តាប់អត្ថបទជាសម្លេង

មណ្ឌលគិរី៖ សម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅពណ៌បៃតង ប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែកាយដ៏ទាក់ទាញរបស់អ្នកទេសចរ ហើយទោះស្ថិតក្នុងអំឡុងពេលកូវីដ១៩រាតត្បាត ក៏ខេត្តមណ្ឌលគិរីតែងមានអ្នកទេសចរមកសម្រាកកម្សាន្តតិចតួចជារៀងរាល់សប្ដាហ៍មិនដាច់នោះទេ ពិសេសនៅចុងសប្ដាហ៍នេះ មានថ្ងៃឈប់សម្រាក៣ថ្ងៃជាប់គ្នា ធ្វើឲ្យខេត្តមណ្ឌលគិរីមានភ្ញៀវទំនាក់ទំនងមកកក់បន្ទប់រីសតជាច្រើន ដើម្បីស្នាក់នៅលំហែ។

នៅថ្ងៃទី២៤កញ្ញានេះ ក្រុងសែនមនោរម្យចាប់ផ្ដើមមានអ្នកដំណើរជាច្រើនចូលមកដល់ និងបានធ្វើឱ្យខេត្តមណ្ឌលគិរី មានភាពអ៊ូអរមួយកម្រិតផងដែរ។ ហើយទោះបីជាមិនស្ថិតក្នុងរដូវកាលកាន់បិណ្ឌភ្ជុំបិណ្ឌក៏ដោយ ខេត្តមណ្ឌលគិរី នៅតែអាចទាកទាញអ្នកទេសចរឱ្យមកកម្សាន្តរៀងរាល់សប្ដាហ៍ផងដែរ ពិសេសនៅរមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ តែងមានអ្នកដំណើរចូលអុជធូបសុំសេចក្ដីសុខ និងកម្សាន្តនៅទីនោះតែម្ដង។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ មណ្ឌលគិរីនៅតែជាគោលដៅកម្សាន្តមួយយ៉ាងល្អរបស់អ្នកទេសចរ និងមានភ្ញៀវមកលេងច្រើនបើធៀបក្នុងអំឡុងពេលកូវីដ១៩នេះ ដោយក្នុងមួយសប្ដាហ៍អាចមានភ្ញៀវជាង១.០០០នាក់ មកលេងកម្សាន្តជាប្រចាំ ។ លោកបន្តថា សម្រាប់រមណីយដ្ឋានទេសចរណ៍នានា ថ្នាក់ដឹកនាំមិនទាន់មានគោលការណ៍ឲ្យបើកដំណើរការនោះទេ ប៉ុន្តែមន្ត្រីជំនាញបានធ្វើការចុះទៅវាយតម្លៃលើអាជីវកម្មទេសចរណ៍ផ្សេងៗក្នុងខេត្ត ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អំពីបញ្ហាអនាម័យនិងការអនុវត្តវិធានការសុខាភិបាលបង្កាការពារជំងឺកូវីដ១៩ ហើយសង្កេតឃើញថា អាជីវកម្មទាំងអស់បានអនុវត្តល្អប្រសើររហូត៨០%ទៅ៩០% ។

លោក ងិន សុវិមាន បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទនេះតែវិស័យទេសចរណ៍នៅតែអភិវឌ្ឍន៍ទៅមុខរហូត ដោយគិតត្រឹមពេលនេះ មានការសាង់សងផ្ទះសំណាក់ សណ្ឋាគារ រីសត បន្ថែម រហូតដល់ជាង១,៥០០បន្ទប់ហើយ ដើម្បីត្រៀមទទួលអ្នកទេសចរនៅពេល ប្រទេសកម្ពុជា បើកដំណើរការវិស័យនានាជាធម្មតាវិញ។

លោក ទូច រស្មី ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅព្រឹកទី២៤ ខែកញ្ញានេះលោកបានជូនដំណឹងទៅគ្រប់វត្តអារាម ឱ្យមានការផ្អាកពិធីបុណ្យកាន់បិណ្ឌ តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ហើយព្រឹកនេះដែរលោកអភិបាលខេត្តមណ្ឌលគិរី ក៏បានមានប្រសាសន៍ឲ្យតាមវត្តអារាម ទទួលតែទេយ្យទានរបស់ពុទ្ធបរិស័ទ និងត្រូវមានមនុស្សតិចបំផុត មិនឱ្យជួបជុំធំដាច់ខាត៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img