26 C
Phnom Penh
Saturday, July 27, 2024

ខេត្តកំពត បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១

ស្តាប់អត្ថបទជាសំឡេង

កំពត៖ ខេត្តកំពត បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស និង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។ ទោះបិទបញ្ចប់ការចាក់វ៉ាក់សាំងជុំទី១ក៏ដោយ ចំពោះអ្នកដែលមិនទាន់បានចាក់ ក៏អាចទៅចាក់បាននៅមន្ទីរពេទ្យបង្អែកចំនួន៥ និងមណ្ឌលសុខភាពចំនួន៦៤ ទូទាំងខេត្ត នៅតែដំណើរការចាក់វ៉ាក់សាំងដដែល។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ទោះបីជាខេត្តកំពតបានបិទនូវយុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ នៅពេលនេះក៏ដោយ តែប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំង ក៏អាចទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដដែរ នៅមន្ទីរពេទ្យបង្អែកចំនួន៥ និងមណ្ឌលសុខភាពចំនួន៦៤ ទូទាំងខេត្ត នៅតែដំណើរការក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់។

យោងតាមរបាយការណ៍របស់ លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ លទ្ធផលនៃការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពតរួមមាន អាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មានចំនួន ៧៧,២០៥នាក់ ស្មើនឹង ១១០.៨២ភាគរយ នៃផែនការសរុបចំនួន ៦៩.៦៦៨នាក់ លើសផែនការចំនួន ៧,៥៣៧នាក់ ស្មើ ១០.៨២ភាគរយ។ ចំពោះ អាយុ១២ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ៦៦,១០៩នាក់ ស្មើនឹង ៨៤.០០ភាគរយ នៃផែនការសរុប ៧៨,៧០០នាក់ ក្នុងនោះមិនទាន់បានចាក់ចំនួន ១២.,៥៩១នាក់ ស្មើ ១៦.០០ភាគរយ។ សម្រាប់អាយុ១៨ឆ្នាំឡើង ចាក់បានចំនួន ៣៤៤,៧៦៣នាក់ ស្មើនឹង ៨៩.០៩ភាគរយ នៃផែនការសរុប ៣៨៦,៩៥៨នាក់ អ្នកមិនទាន់បានចាក់ចំនួន ៤២,១៨៥ ស្មើនឹង ១០.៩១ភាគរយ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img