30 C
Phnom Penh
Saturday, July 27, 2024

ខេត្តកំពង់ស្ពឺ រមណីយដ្ឋាន១៨កន្លែង ទទួលភ្ញៀវទេសចរណ៍ជិត៤ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៃបណ្តាខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជាយ៉ាងច្រើនកុះក ទោះស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ខេត្តកំពង់ស្ពឺក៏ជាខេត្តគោលដៅទេសចរណ៍ផងដែរ ដែលមានរមណីយដ្ឋានប្រមាណ១៨កន្លែង ដែលភ្ញៀវទេសចរណ៍ទៅលំហែកម្សាន្ត។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ស្តីទី ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ថា ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ សំខាន់ៗចំនួន១៨កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍កែច្នៃ០៥កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ០៨កន្លែង និងរមណីយដ្ឋានកសិទេសចរណ៍០៥កន្លែង។ កន្លងមករមណីយដ្ឋានទាំងអស់នេះក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រាប់ម៉ឺននាក់ទៅកម្សាន្តជាហូរហែក្នុងមួយឆ្នាំៗ។ មិនខុសពីឆ្នាំរាល់ដងដែរ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះរមណីយដ្ឋានទាំង១៨កន្លែង នៃខេត្តកំពង់ស្ពឺ បានទទួលបដិសណ្ឋារកិច្ចភ្ញៀវឱ្យចូលមកកម្សាន្តបានប្រមាណជិត ៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដែលចំនួននេះ ធៀបនឹងឆ្នាំ២០២០ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាក់កាលនៃការរីករាលដាល ជំងឺកូវីដ-១៩ ដូចគ្នាមានចំនួន៨៧,៧៣៩នាក់ថយចុះ ៥៤,៨១%។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជុំវិញការកម្សាន្តរបស់ភ្ញៀវទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ គេសង្កេតឃើញមាន រមណីយដ្ឋានទេសចរណ៍ បែបកែច្នៃទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានភ្ញៀវទៅលេងច្រើន ខណៈរមណីយដ្ឋានបែបធម្មជាតិ មានភាពស្មុគស្មាញ ពិបាកធ្វើដំណើរ និងជួបឧបសគ្គច្រើន ដោយសារសត្វល្អិតទិច ឬខាំ និងស្របពេលភ្លៀងធ្លាក់ជោគជាំរអិលឡើងមិនរួចជាដើម៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img