ស្តាប់អត្ថបទជាសំឡេង
កំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានប្រកាសផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នផ្លូវវាងស្ពានដែកបេឡេត៍អំពែភ្នំ ឬស្ពានពាមមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវខេត្តលេខ ១៣០ ក្រោយស្ពាននេះ បាននិងកំពុងរងការគម្រាមគំហែងពីជំនន់ទឹកភ្លៀង។ /
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យកើតមានជំនន់ទឹកភ្លៀងនៅតំបន់ទំនាបមួយចំនួនក្នុងភូមិសាស្ត្រខេត្តត្រូវបានរងការជន់លិច។ មួយវិញទៀតជំនន់ទឹកភ្លៀងនេះដែរក៏កំពុងហូរច្រោះក្បាលស្ពានដែកបេឡេត៍ដែលបង្កជាហានិភ័យដល់អ្នកកំពុងប្រើប្រាស់ ឬឆ្លងកាត់ស្ពានដែកនេះផងដែរ។ ដូចនេះដើម្បីបង្ការដល់ហានិភ័យ និងសុវត្ថិភាព មន្ទីរបានសម្រេចផ្អាកការចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្នរាល់មធ្យោបាយធ្វើដំណើរទាំងអស់ទាំងទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តទេសចរណ៍ រថយន្តដឹកទំនិញតូច-ធំគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ខែតុលា តទៅ រហូតដល់ស្ថានភាពទឹកបានស្រកទៅវិញអស់ និងមានការជូនដំណឹងជាថ្មី។
ក្នុងសេចក្តីជូនដំណឹងនោះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីផ្អាកការចរាចរណ៍ឆ្លងកាត់ស្ពានបេឡេត៍នេះ ក្រុមជំនាញបច្ចេកទេសនឹងធ្វើការជួសជុលតំឡើងក្បាលស្ពានដែកបេឡេត៍ឡើងវិញកុំឱ្យមានការបាក់ស្រុតបន្តទៀត និងធានាដល់ការធ្វើចរាចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព។ ក្នុងដំណាក់កាលផ្អាកបណ្តោះអាសន្ននេះដែរ ប្រជាពលរដ្ឋអាចធ្វើដំណើរវាងតាមផ្លូវខេត្តលេខ៤១ ឬផ្លូវជាប់ផ្លូវល្បឿនលឿនមួយរយៈ រហូតការជួសជុលបានរួចរាល់។
សូមបញ្ជាក់ថា ស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានការហក់ឡើងខ្លាំង ដោយកម្ពស់ទឹកស្ទឹងព្រែកត្នោតបានឡើងពៀប។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកមួយចំនួនកំពុងរងការគម្រាមកំហែងបណ្តើរៗ ហើយអាជ្ញាធរខេត្តក៏កំពុងត្រៀមលក្ខណៈជួយសង្គ្រោះផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews